(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានប្រាប់អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ឲ្យរាយការណ៍ពីលទ្ធផល នៃការដោះស្រាយបញ្ហាជូនអាជី វករលក់ដូរនៅឆ្នេរអូរឈើទាល ទល់មុខក្រុមហ៊ុនសុខា (អតីតអារីស្តុន) ដែលត្រូវបានអាជ្ញាធរឈូសឆាយកម្ទេចតូបលក់ដូរកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦កន្លងទៅ។ ការសុំឲ្យអភិបាលខេត្តព្រះសីហនុ រាយការណ៍ពីលទ្ធផលដោះស្រាយបញ្ហានេះ បន្ទាប់ពីក្រសួងបានណែនាំឲ្យអភិបាលខេត្តពិនិត្យទៅលើបញ្ហានេះ អស់រយៈពេលជាងមួយខែទៅហើយ តែមិនទាន់ទទួលរបាយការណ៍ណាមួយនៅឡើយនោះទេ។

អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ នៅក្នុងលិខិតស្នើសុំការបំភ្លឺពីលោក យន្ត មីន អភិ បាលខេត្តព្រះសីហនុ ធ្វើឡើងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ បានបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ក្រសួងមហាផ្ទៃបានទទួលលិខិតសុំការអន្តរាគមន៍មួយច្បាប់ពីលោក ភឿក សុខេន តំណាងអាជីវករលក់ដូរនៅឆ្នេរអូឈើទាល (អតីតអារីស្តុន) ដែលត្រូវអា ជ្ញាធរឈូសកម្ទេចតូបរបស់ពួកគេកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦កន្លងទៅ។

ក្នុងលិខិត ដែល Fresh News ទទួលបាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា ក្រោយទទួលបានលិខិតសុំអន្តរាគមន៍នេះ ក្រសួងបាន​បញ្ជូនសេចក្តីជូន​ដំណឹងចំនួនពីរទៅលោកអភិបាលខេត្ត ពិនិត្យ និង ដោះស្រាយជូនប្រជាពលរដ្ឋ តែមកដល់ពេលនេះ​ក្រសួងពុំទាន់ទទួល​បានរបាយការណ៍​អំពីលទ្ធផលដោះ​ស្រាយរបស់ខេត្ត​ព្រះសីហនុនៅឡើយទេ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ចុះរុះរើតូបលក់ដូររបស់អាជីវករ និង បើករបងឆ្នេរអារីស្តុន។ អាជីវករលក់​ដូរនៅតាម​ឆ្នេរអារីស្តុន ដែលមានតូបចំនួន ៦២តូប ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានដាក់លិខិតទៅគណៈអភិបាលខេត្ត ព្រះសីហនុ សុំជួយអន្តរាគមន៍ និងដោះស្រាយ​ឲ្យពួកគាត់​បានលក់ដូរវិញ។

អាជ្ញាធរខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ បានចេញសេចក្តីជូនដំណឹងថា នឹងបិទជាបណ្តោះអាសន្នការចេញចូលនៅចំណុចឆ្នេរចុងអូរឈើទាល (អតីតដីតំបន់អភិវឌ្ឍអារីស្តុន) ដើម្បីឲ្យអ្នកបច្ចេកទេស និង មន្ត្រីពាក់ព័ន្ធរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវចេញចូល និង សួនច្បារជាដើម នៅតាមឆ្នេរនេះឲ្យមានសោភ័ណភាពទុកជាសម្បត្តិសាធារណៈ៕