(ភ្នំពេញ)៖ ដើម្បីមានភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស រឿងធ្វើអត្តសញ្ញាណប័ណ្ណនៅតាមមូលដ្ឋាន ដែលជាបញ្ហាដ៏ស្មុគស្មាញប្រចាំថ្ងៃនោះ នៅពេលនេះក្រសួងមហាផ្ទៃ បានដាក់វិធានការថ្មីមួយទៀត គឺការដាក់លេខទូរស័ព្ទសម្រាប់ទំនាក់ទំនង នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ បូករួមទាំងលេខទូរស័ព្ទ របស់មន្រ្តីនគរបាលនៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណផងដែរ។
សូមបញ្ជាក់ថា រឿងធ្វើអត្តសញ្ញាណប័ណ្ណនេះ បានក្លាយជាប្រធានបទមួយដ៏ក្តៅមួយ សម្រាប់ប្រជាពលរដ្ឋខ្មែរ មួយចំនួនធំផងដែរ ដោយសារតែពួកគេ មហាសែនពិបាកក្នុងការទទួលសេវានៃការធ្វើអត្តសញ្ញាណប័ណ្ណ។ អ្នកខ្លះខំទៅថត ទៅធ្វើតែត្រូវរង់ចាំរយះពេលដ៏យូរ ខ្លះមួយឆ្នាំ និងខ្លះទៀតរហូតដល់២ទៅ៣ឆ្នាំក៏មាន។ អ្នកខ្លះទៀតបានរអ៊ូរទាំថា នៅពេលទៅធ្វើម្តងៗ គឺត្រូវចំណាយលុយលើសអ្វីដែលរដ្ឋបានកំណត់ទៀតផង។ ដោយសារតែមានភាពស្មុគស្មាញបែបនេះហើយ ទើបប្រជាពលរដ្ឋបានរៀបរាប់នូវបញ្ហានេះ ជូនទៅនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន តាម Facebook រហូតសម្តេចបានបញ្ជាឲ្យក្រសូងមហាផ្ទៃត្រូវចាត់ការរឿងនេះជាបន្ទាន់។
ក្រសួងមហាផ្ទៃ ក៏បានបង្ហាញនូវគេហទំព័រដើម្បីឲ្យប្រជាពលរដ្ឋអាចចូលទៅសួរនាំបានតាមរយៈគេហទំព័រ www.gdi.gov.kh និង Facebook Page https://www.facebook.com/gdi.gov.kh/។ ខាងក្រោមនេះ ជាលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង បើសិនមានចម្ងល់ណាមួយចំពោះរឿងអត្តសញ្ញាណប័ណ្ណនេះ៕