(ភ្នំពេញ)៖ ថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ស្អែកនេះ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល គឺជាពេលវេលាដែលមណ្ឌលបោះឆ្នោតនឹងបើកទ្វារបម្រើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់។
តើអ្វីទៅជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់?
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ គឺជាដំណើរការប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឡើង ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋប្រើសិទ្ធិអំណាចរបស់ខ្លួនជ្រើសរើសមេឃុំ ឬចៅសង្កាត់ ព្រមទាំងក្រុមប្រឹក្សាឃុំ ឬសង្កាត់ ដែលជាក្បាលម៉ាស៊ីនដឹកនាំនៅតាមឃុំ/សង្កាត់ ដែលពួកគេកំពុងរស់នៅ។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ គឺជាការបោះឆ្នោតសំខាន់ទី២ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ ក្រុមប្រឹក្សាឃុំ/សង្កាត់ គឺជាអ្នកដឹកនាំថ្នាក់មូលដ្ឋាន ដែលទទួលអំណាចពីរាជរដ្ឋាភិបាល។ ក្រុមប្រឹក្សាឃុំ/សង្កាត់ តាមឃុំ/សង្កាត់នីមួយៗមានសមាជិកពី ៥ ដល់ ១១នាក់ ដែលសមាមាត្រទៅនឹងចំនួនប្រជាជននៅក្នុងតាមឃុំ/សង្កាត់។ ក្រុមប្រឹក្សាឃុំ/សង្កាត់ ដឹកនាំដោយប្រធានមួយរូបដែលត្រូវបានជ្រើសរើសចេញ ពីគណបក្សដែលទទួលបានសំឡេងគាំទ្រពីប្រជាជនច្រើនជាងគេ។
ការបង្កើតឱ្យមានក្រុមប្រឹក្សាឃុំ/សង្កាត់ តាមរយៈការបោះឆ្នោតជាសាកល គឺជារបត់នយោបាយដ៏សំខាន់មួយនៅកម្ពុជា។ សំខាន់នៅត្រង់ថា អាជ្ញាធរមូលដ្ឋានជាអ្នកដឹកនាំផ្ទាល់ និងនៅកៀកប្រជាពលរដ្ឋនោះ ធ្លាប់តែទទួលការតែងតាំងពីថ្នាក់លើ។ ប៉ុន្តែរយៈពេល៤អាណត្តិហើយ ក្រុមប្រឹក្សាឃុំ/សង្កាត់ ត្រូវបានប្រជាពលរដ្ឋជាអ្នកបោះឆ្នោតជ្រើសរើសដោយផ្ទាល់។
តាមរយៈការបោះឆ្នោតនេះ មន្ត្រីឃុំ/សង្កាត់ ត្រូវតែបង្ហាញការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋឱ្យបានច្រើន បើមិនដូច្នោះទេ ពួកគេនឹងត្រូវប្រជាពលរដ្ឋទម្លាក់ចេញពីអំណាចតាមរយៈសន្លឹកឆ្នោត៥ឆ្នាំម្តង។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ត្រូវបានធ្វើឡើងជាសកល ដូចទៅនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រផងដែរ។ ការបោះឆ្នោតនេះ ត្រូវបានរៀបចំឡើងជាលើកដំបូងនៅឆ្នាំ២០០២ ដោយរាប់ថាអាណត្តិទី១។ ចាប់តាំងពីឆ្នាំ២០០២មក ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ត្រូវបានធ្វើឡើងយ៉ាងទៀងទាត់រៀងរាល់៥ឆ្នាំម្តង។
បេក្ខភាពក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលជាអ្នកឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវបានជ្រើសមកពីគណបក្សនយោបាយ ដែលបានចុះបញ្ជីចូលរួមបោះឆ្នោតជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ បេក្ខភាពក្រុមប្រឹក្សាឃុំ/សង្កាត់ ក៏ត្រូវបានចុះបញ្ជីឈ្មោះជាមួយ គ.ជ.ប ផងដែរ។
យោងតាមទិន្នន័យរបស់ គ.ជ.ប បានបង្ហាញថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ មានគណបក្សនយោបាយចំនួន១៧ បានចុះឈ្មោះចូលរួមប្រកួតប្រជែង ដោយបានដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។
ដោយឡែកឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន ១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ធ្វើឡើងរាល់៥ឆ្នាំម្តងនេះ មានសារៈសំខាន់ណាស់ ដែលប្រជាពលរដ្ឋមិនគួររំលងនោះឡើយ។ ដើម្បីចូលរួមបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
ខាងក្រោមនេះ គឺជាទិន្នន័យនៃលទ្ធផលបោះឆ្នោត៤អាណត្តិកន្លងទៅ៖
* អាណត្តិទី១៖ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី១ ដែលធ្វើឡើងនៅឆ្នាំ២០០២ មានគណបក្សចំនួន ៨ បានចូលរួមប្រកួតប្រជែង ហើយមានតែគណបក្ស ៤ប៉ុណ្ណោះ ដែលទទួលបានអាសនៈ សរុបចំនួន ១១.២៦១ អាសនៈ។
អាសនៈរបស់គណបក្សនយោបាយ ដែលទទួលបានពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី១ រួមមាន៖
- គណបក្សប្រជាជនកម្ពុជា ចំនួន ៧,៧០៣ អាសនៈ
- គណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន ២,២១១ អាសនៈ
- គណបក្ស សមរង្ស៉ី ចំនួន ១,៣៤៦ អាសនៈ
- គណបក្សប្រជាធិបតេយ្យខ្មែរ ១ អាសនៈ
* អាណត្តិទី២៖ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី២ ដែលធ្វើឡើងនៅឆ្នាំ២០០៧ មានគណបក្សនយោបាយចូលរួមចំនួន១២ ប៉ុន្តែមានគណបក្សតែ ៥ប៉ុណ្ណោះ ទទួលបានអាសនៈ សរុបចំនួន ១១,៣៥៣ អាសនៈ។
អាសនៈរបស់គណបក្សនយោបាយ ដែលទទួលបានពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី២ រួមមាន៖
- គណបក្សប្រជាជនកម្ពុជា ចំនួន ៧,៩៩៣ អាសនៈ
- គណបក្សសមរង្ស៉ី ចំនួន ២,៦៦០ អាសនៈ
- គណបក្ស នរោត្តម រណឫទ្ធិ ចំនួន ៤២៥ អាសនៈ
- គណបក្ស ហ្វ៊ុនស៊ិនប៉ិច ចំនួន ២៧៤ អាសនៈ
- គណបក្សហង្សដារ៉ាចលនាប្រជាធិបតេយ្យ ចំនួន ១ អាសនៈ
* អាណត្តិទី៣៖ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៣ ដែលធ្វើឡើងនៅឆ្នាំ២០១២ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១០ ប៉ុន្តែមានគណបក្សនយោបាយចំនួន៦ប៉ុណ្ណោះ ទទួលបានអាសនៈសរុប ១១,៤៥៩ អាសនៈ។
អាសនៈរបស់គណបក្សនយោបាយ ដែលទទួលបានពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី២ រួមមាន៖
- គណបក្ស ប្រជាជនកម្ពុជា ចំនួន ៨,២៩២ អាសនៈ
- គណបក្ស សមរង្ស៉ី ចំនួន ២,១៥៥ អាសនៈ
- គណបក្ស ហ៊្វុនស៉ិនប៉ិច ចំនួន ១៥១ អាសនៈ
- គណបក្ស នរោត្តម រណឫទ្ធិ ចំនួន ៥២ អាសនៈ
- គណបក្ស សិទ្ធិមនុស្ស ចំនួន ៨០០ អាសនៈ
- គណបក្ស សម្ព័ន្ធប្រជាធិបតេយ្យ ចំនួន ៨ អាសនៈ
- គណបក្ស សញ្ជាតិកម្ពុជា ចំនួន ១ អាសនៈ
* អាណត្តិទី៤៖ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ ដែលធ្វើឡើងនៅឆ្នាំ២០១៧ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១២ ប៉ុន្តែគណបក្សនយោបាយចំនួន៧ប៉ុណ្ណោះ ទទួលបានអាសនៈសរុប ១១,៥៧២ អាសនៈ។
- គណបក្ស ប្រជាជនកម្ពុជា ចំនួន ៦,៥០៣ អាសនៈ
- គណបក្ស សង្គ្រោះជាតិ ចំនួន ៥,០០៧ អាសនៈ
- គណបក្ស ហ៊្វុនស៊ិនប៉ិច ចំនួន ២៨ អាសនៈ
- គណបក្ស សម្ព័ន្ធប្រជាធិបតេយ្យ ចំនួន ៤ អាសនៈ
- គណបក្ស ខ្មែររួបរួមជាតិ ចំនួន ២៤ អាសនៈ
- គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ចំនួន ១ អាសនៈ
- គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន ៥ អាសនៈ