(ព្រះសីហនុ)៖ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ជូនដល់កម្មករ និយោជិក រោងចក្រ ហ្គាឡី គ្លូប៊ល(GGC)ថា នៅវេលាម៉ោង ៨៖៣០នាទីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ស្អែកនេះ មន្ទីរការងារនឹងយកប្រាក់៦១០០០ដុល្លារ ដែលបានមកពីការលក់ក្រណាត់ សម្លៀកបំពាក់ខូចគុណភាព និងសម្ភារៈបាតឃ្លាំងរបស់រោងចក្រ ហ្គាឡី គ្លូប៊ល(GGC) កាលពីថ្ងៃទី០៦ ខែឧសភា ដើម្បីបើកប្រាក់ឈ្នួលជូនកម្មករ និយោជិក បណ្តោះអាសន្នស្មើៗគ្នា គឺម្នាក់ទទួលបានចំនួន៧១ដុល្លារ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់មន្ទីរការងារខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា «ការបើកប្រាក់នេះ គឺដើម្បីដោះស្រាយជាក់ស្តែងចំពោះមុខ នៃតម្រូវការរបស់កម្មករ និយោជិត ចំពោះប្រាក់ឈ្នួលដែលនៅសល់ និងអត្ថប្រយោជន៍ផ្សេងៗរបស់បងប្អូនកម្មករ និយោជិក មន្ទីរ និង គណៈកម្មការចម្រុះកំពុងតែខិតខំដោះស្រាយស្របតាមនីតិវិធីច្បាប់ ជាធរមានរបស់រោងចក្រ ហ្គាឡី គ្លូប៊ល(GGC)»។
ការចេញមុខចូលដោះស្រាយរបស់ មន្ទីរការងារនេះ ធ្វើឡើងបន្ទាប់ពី ក្រុមកម្មកររោងចក្រប្រមាណជិត១០០នាក់ ក្នុងចំណោមបុគ្គលិកកម្មករ៩១២នាក់ នៃរោងចក្រហ្គាឡី គ្លូប៊ល ខេមបូឌា (GALEY GROBAL CAMBODIA CO.,LTD) ដែលមានទីតាំងស្ថិតនៅ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ បានជួបជុំគ្នានៅមុខសាលាខេត្តព្រះសីហនុ ក្នុងគោលបំណងជួប លោកអភិបាលខេត្តព្រះសីហនុ ដើម្បីជួយអន្តរាគមន៍ ក្នុងការបើកប្រាក់ខែរបស់ពួកគេ ពីសំណាក់ថៅកែរោងចក្រ ដែលជាជនជាតិអាមេរិកាំង បានបិទរោងចក្រ ហើយបានរត់គេចខ្លួន ទៅអាមេរិកវិញបាត់ដំណឹងឈឹងតែម្តង។
នៅព្រឹកថ្ងៃដដែលនោះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ រួមនឹងលោក យ៉ូវ ខេមរ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ បានអនុញាតិឲ្យតំណាងកម្មករចំនួន១៣នាក់ ចូលជួបដើម្បីដោះស្រាយផងដែរ។
ក្នុងឱកាសនោះលោកអភិបាលខេត្ត បានស្នើឲ្យបងប្អូនកម្មករទាំងអស់ មេត្តារក្សាចិត្តអត់ធ្មត់ ហើយធ្វើអ្វីៗត្រូវដោះស្រាយគ្នា តាមផ្លូវច្បាប់ និងដោយសន្តិវិធី ដោយជៀសវាងការធ្វើបាតុកម្ម ឬកុប្បកម្មខុសច្បាប់ណាមួយ ដែលអាចឲ្យក្លាយជាអ្នកខុសវិញ ខណៈពេលដែលអាជ្ញាធរ និងមន្ទីរជំនាញកំពុងដុតដៃដុតជើង ក្នុងការជួយដោះស្រាយបញ្ហា របស់បងប្អូនហើយនាពេលបច្ចុប្បន្ននេះ។
យោងតាមកិច្ចព្រមព្រៀងរបស់រោងចក្រ ជាមួយនិងសហព័ន្ធសហជីព តំណាងឲ្យកម្មកររោងចក្រ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ បានឲ្យដឹងថា ភាគីទាំង២យល់ព្រមឯកភាពគ្នា លក់សំលៀកបំពាក់ ក្រណាត់ និងសំភារៈបាតឃ្លាំងទាំងអស់ នៅក្នុងក្រុមហ៊ុន ដើម្បីយកប្រាក់មកទូទាត់ជូនកម្មករ និយោជិតរបស់រោងចក្រសំរាប់ខែមេសា ឆ្នាំ២០១៦ ចំនួន១០០% ដោយសន្យាបើកប្រាក់ខែឲ្យកម្មករ កម្មការិនីនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ប៉ុន្តែជាក់ស្តែងរហូតមកដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ មិនទាន់បានបើកនៅឡើយ ហើយក៏ឮដំណឹងថា ថៅកែរោងចក្របានរត់ចោលរោងចក្រ ទៅដល់អាមេរិកវិញបាត់ទៅហើយ ។ ទើបបងប្អូនកម្មករ កម្មការិនីទាំងនេះ ធ្វើដំណើរមកសាលាខេត្ត ដើម្បីចង់ដឹងថា តើអាជ្ញាធរ និងមន្ទីរជំនាញដោះស្រាយ បានកំរិតណាហើយ៕
សូមអានសេចក្តីជូនដំណឹង របស់មន្ទីរការងារខេត្តព្រះសីហនុ ខាងក្រោមនេះ៖