(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ លោក សុខ ពេញវុធ អនុប្រធានគណបក្ស បានដឹកនាំដង្ហែក្បួនក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅតាមសង្កាត់ទាំងអស់ ខណ្ឌដូនពេញ ដែលមានសមាជិក សមាជិកា និងយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុប១៣៥៨នាក់។
ក្នុងឱកាសនោះលោក សុខ ពេញវុធ បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងសមាជិកបក្សទាំងអស់ត្រៀមលក្ខណៈសម្បត្តិ ដូចជា អត្តសញ្ញាណបណ្ណ ឬឯកសារលិខិតបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ដើម្បីទៅបោះឆ្នោតនៅតាមការិយាល័យរបស់ខ្លួន និងបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ នាថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ឲ្យបានគ្រប់គ្នា។
លោកក៏បានឆ្លៀតរំលឹកពីគុណតម្លៃ របស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលធំៗជាច្រើន កើតចេញពីការដឹកនាំរបស់រាជរដ្ឋាភិបាល និងមេឃុំ ចៅសង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ក្នុងអាណត្តិកន្លងទៅ ក៏ដូចជាចាប់តាំងពីការរំដោះប្រទេសចេញ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ក្រៅតែពីលើកបង្ហាញ នូវសមិទ្ធផលធំៗរបស់ជាតិ ដែលសម្រេចបានហើយនោះ លោកក៏បានឆ្លៀតគូសរំលេចនូវសមិទ្ធផលដ៏ធំនាពេលថ្មីៗ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារ សុខភាពរបស់ប្រជាពលរដ្ឋ ពីការរាតត្បាតជំងឺកូវីដ១៩ ដោយរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ហើយនាំឲ្យមានការវាយតម្លៃ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ អរគុណ សន្តិភាព ជ័យ យោ! គណបក្សប្រជាជន កម្ពុជា ដ៏រុងរឿង ។
គូសបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ រយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ត្រូវបិទបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕