(កំពង់ធំ)៖ លោក ព្រឹម រដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំផាន់ញើម បានអញ្ជើញចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាជិត១០០០នាក់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នៅឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
នៅក្នុងពិធីឃោសនាបោះឆ្នោតនេះ លោក ព្រឹម រដ្ឋា បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលសម្ដេចបានលះបង់គ្រប់ បែបយ៉ាងស្ទើរតែពេញមួយជីវិត របស់លោកក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃជាង៣ទសវត្សរ៍ ការអភិវឌ្ឍ និងការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសព្វបែបយ៉ាង ទាំងអស់នេះគឺជាសរសៃឈាមរបស់ប្រទេសជាតិក៏ដូចជា សរសៃឈាមសម្រាប់ទ្រទ្រង់សេដ្ឋកិច្ច និងបង្កើននូវជីវភាពរបស់ប្រជាជនប្រចាំថ្ងៃ ពិសេសធ្វើឲ្យប្រទេសជាតិទាំង មូលមានសុខសន្តិភាព មានភាពសម្បូរ សប្បាយ រុងរឿង។
លោកថា «ប្រសិនបើយើងក្រឡេកមើលទៅលើប្រវត្តិសាស្រ្ត៥០០ឆ្នាំចុងក្រោយនេះរាជាណាចក្រសម័យតេជោ គឺជារាជាណាចក្រដែលបានធ្វើឲ្យប្រទេសជាតិមានមុខមាត់មានកិត្តិយស និងលេចធ្លោនៅលើឆាកអន្តរជាតិ ហើយបានធ្វើឲ្យពិភពលោកទាំងមូលទទួលស្គាល់នូវស្នាដៃដ៏ត្រចះត្រចង់របស់សម្ដេចដែលមិនអាចកាត់ថ្លៃបាន»។
ទាំងនេះសបញ្ជាក់ឲ្យឃើញថា អ្វីទាំងអស់ដែលសមាជិកសមាជិកាគណបក្ស ក៏ដូចជាបងប្អូនរស់នៅតាមតំបន់មូលដ្ឋានឃើញច្បាស់នឹងភ្នែកពីអ្វីដែលរាជរដ្ឋាភិបាល កំពុងតែធ្វើហើយនឹងពីអ្វីដែលបងប្អូនបានឃើញជាក់ស្ដែងផ្ទាល់ភ្នែក វាមិនមែនជាការសម្ដែង វាគឺជារឿងពិតមួយដែលផ្ដល់នូវភាពជឿជាក់ទុកចិត្តដល់បងប្អូនទាំងអស់គ្នា។
ដូច្នេះហើយក្នុងនាមលោក និងក្នុងនាមសមាជិកសមាជិកាគណបក្សទាំងអស់យើងមិនមានអ្វីតបស្នងជូនលោកនោះទេ គឺយើងមានតែសន្លឹកឆ្នោតមួយសន្លឹក ជាការតបស្នងជូនដល់គណបក្សប្រជាជនកម្ពុជាក៏ដូចជាការបោះឆ្នោតឲ្យខ្លួនឯង វាមិនត្រឹមដើម្បីតែខ្លួនឯងប៉ុណ្ណោះទេ វាគឺជាការបោះឆ្នោតដើម្បីគ្រួសារដើម្បីសហគមន៍ដើម្បីជាតិទាំងមូល។
លោកបានបន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលធ្វើអ្វីៗ ដើម្បីប្រជាជនកើតចេញពីប្រជាជន និងរួមរស់ជាមួយប្រជាជនដូចនេះ ហើយការលះបង់របស់បងប្អូនទាំងអស់ និងសមាជិកសមាជិកាទាំងអស់ គឺជាការលះបង់ដ៏ខ្ពង់ខ្ពស់ជូនដល់គណបក្ស និងប្រទេសជាតិទាំងមូល។
ជាចុងក្រោយ លោកបានសំណូមពរ និងជំរុញក្រើនរំលឹកដល់ក្រុមការងារទាំងអស់ថែរក្សាសុខភាពឲ្យបានល្អ ចន្លោះថ្ងៃនៃការធ្វើយុទ្ធនាការបោះឆ្នោតរហូតដល់ថ្ងៃបោះឆ្នោតបានបញ្ចប់ ដូច្នេះសូមសមាជិកសមាជិកាទាំងអស់ សូមកុំប្រព្រឹត្តនូវអ្វីដែលមិនគប្បីដែលធ្វើឲ្យមានការប៉ះពាល់ និងមានភាពអវិជ្ជមានសម្រាប់ថ្ងៃបោះឆ្នោតនៅពេលខាងមុខ ហើយសូមឱ្យសមាជិកទាំងអស់មានការប្រុងប្រយ័ត្នទៅលើការគូសទៅលើសន្លឹកឆ្នោត គណបក្សប្រជាជនកម្ពុជា ដែលនៅឃុំផាន់ញើមមានលេខរៀងទី២ជាសម្គាល់៕