(ត្បូងឃ្មុំ)៖ លោក ម៉ែន វិចិត្រ ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយឃុំកក់ និងលោក ម៉ុន មាគ៍ា ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយឃុំកក់ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំលោក លោកស្រី ក្រុមការងារចុះជួយឃុំកក់ ព្រមទាំងសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងមូលដ្ឋានឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្នុងការដង្ហែស្រែកជ័យឃោសគាំទ្រគណបក្សប្រជាជនប្រកបដោយភាពសប្បាយរីករាយ ស្មារតីក្លៀវក្លា នៅតាមដងផ្លូវរួចហើយ ក៏បន្តជួបជុំសមាជិកទាំងអស់ រាំច្រៀងលេងកំសាន្ត ក្រោមម្លប់សន្តិភាព នៅក្នុងមូលដ្ឋានឃុំកក់ ក្រោមការជួយឧបត្ថម្ភ និងដឹកនាំផ្ទាល់ដោយលោក វង សូត ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកពញាក្រែក។
ក្នុងឱកាសនោះ លោក ម៉ែន វិចិត្រ និងលោក ម៉ុន មាគ៍ា បានសម្តែងនូវមនោសញ្ជេតនា រំភើបរីករាយក្រៃលែងចំពោះវត្តមានបងប្អូន សមាជិក សមាជិកាទាំងអស់ ដែលបានមកចូលរួមយ៉ាងច្រើនកុះករនាពេលនេះ ដើម្បីសម្តែងនូវឆន្ទៈគាំទ្រយ៉ាងក្លៀវក្លា ត្រៀមគ្រប់លក្ខណៈសម្បត្តិដើម្បីចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
លោកទាំង២ ក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិកាគ្រប់ៗរូប ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត ចូលរួមឃោសនាស្វែងរកសំឡេងឆ្នោត រយៈពេល១៤ថ្ងៃមកនេះ។ ក្នុងអំឡុងពេលឃោសនាកន្លងមកនេះ យើងទាំងអស់គ្នាបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីស្វែងរកការគាំទ្រពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងគោលដៅដើម្បីយកជ័យជម្នះជូនគណបក្សរបស់យើង។
ជាចុងក្រោយ ប្រធាន និងអនុប្រធាន ក្រុមការងារគណបក្សចុះជួយឃុំកក់ បានថ្លែងប្រាប់សមាជិកគណបក្សប្រជាជនទាំងអស់ សូមទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍន៍ជារៀងដរាប ពោលគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវត្តាបាចផ្កាឱ្យពរជ័យ ជានិមិត្តសញ្ញា នៅលើសន្លឹកឆ្នោត៕