(កណ្តាល)៖ អនុវត្តន៍តាមគោលការណ៍ណែនាំរបស់បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ, លោក គង់ វិបុល អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកល្វាឯម ខេត្តកណ្តាល នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារបក្សឃុំ ស្រុក បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត។
ការប្រជុំបូកសរុបលទ្ធផលការងារឃោសនាបោះឆ្នោតនេះ ធ្វើឡើងបន្ទាប់ពីបញ្ចប់ដំណើរការឃោសនាក្នុងមូលដ្ឋានអស់រយៈពេល១៤ថ្ងៃរួចមក គឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។
កិច្ចប្រជុំនេះធ្វើឡើយដើម្បីពិនិត្យ វាយតម្លៃភាពខ្លាំងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅស្រុកល្វាយឯម ដែលឆ្លងកាត់រយៈពេលនៃការឃោសនារកសំឡេងឆ្នោត គឺបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមានប្រៀបខ្លាំង ដែលឈានដល់ការដណ្តើមបានជ័យជម្នះ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។
លោក គង់ វិបុល បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំទាំង១៥នៃស្រុកល្វាឯម, គណៈកម្មាធិការគណបក្សស្រុក, ក្រុមការងារចលនាយុវជន ក៏ដូចជាក្រុមការងារចលនាស្ត្រី រួមទាំងសមាជិក សមាជិកា បក្សគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ។
លោកបន្ថែមថា នៅថ្ងៃបិទបញ្ចប់យុទ្ធនាការបោះឆ្នោត ថ្ងៃទី៣ ខែមិថុនានេះ កម្លាំងសមាជិក សមាជិកាបក្សនៅស្រុកល្វាម បានបង្ហាញពីភាពខ្លាំងក្លាដោយមានការអ្នកចូលរួមយ៉ាងច្រើនប្រមាណជាង៣ម៉ឺននាក់ ដែលនឹងឈានដល់ការយកជ័យជន្នះនៅក្នុងការបោះឆ្នោតនាពេលខាងមុខ៕