(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងលោក គង់ សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល នៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិក សមាជិកា ប្រមាណជាង៧ម៉ឺននាក់ ប្រារព្ធបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ក្នុងថ្ងៃបោះឆ្នោត ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
ថ្លែងនាឱកាសនោះ លោកបណ្ឌិត ម៉ៅ ភិរុណ និងលោក គង់ សោភ័ណ្ឌ បាននាំនូវការសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងកោតសរសើរ ជូនចំពោះសមាជិក សមាជិកា សកម្មជន អ្នកគាំទ្រគណបក្សប្រជានកម្ពុជាទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រី គ.ជ.ប ដែលបានសហការរួមគ្នាគោរពច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ធ្វើឲ្យដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២០ ប្រព្រឹត្តទៅបានយ៉ាងរលូន នៅក្នុងក្របខ័ណ្ឌទូទាំងខេត្តទាំងមូល។
ថ្នាក់ដឹកនាំទាំងទ្វេបានបន្ដថា ជាមួយគ្នានោះ សមាជិកបក្សទាំងអស់ត្រូវណែនាំ ឲ្យប្រជាជនស្គាល់អំពីលេខរៀងគណបក្សប្រជាជន បានបង្រៀនពីការគូសសន្លឹកឆ្នោត និងការត្រួតពិនិត្យឯកសារបម្រើដល់ការបោះឆ្នោត ដូចជា អត្តសញ្ញាណបណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងអញ្ជើញប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផងដែរ។
ទន្ទឹមនឹងនោះថ្នាក់ដឹកនាំទាំងទ្វេ បានថ្លែងអំណរគុណចំពោះក្រុមការងារចុះជួយឃុំ ក៏ដូចជាមន្រ្តីបក្ស និងសមាជិកគណបក្សប្រជាជនដែលបានចូលរួមក្នុងការឃោសនា រកសំឡេងឆ្នោតរយៈពេល១៤ថ្ងៃនេះ និងដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
សូមជម្រាបថា ក្នុងថ្ងៃយុទ្ធនាការបិទបញ្ចប់នេះ នៅទូទាំងខេត្តកណ្ដាល មានការដង្ហែគ្រប់ឃុំ-សង្កាត់ទាំង១២៧ ដោយមានថ្នាក់ដឹកនាំប្រធានក្រុមការងារថ្នាក់ជាតិកាន់ស្រុក-ក្រុងនីមួយៗ បានដឹកនាំយុទ្ធនាការដង្ហែយ៉ាងគគ្រឹកគគ្រេងប្រកបដោយភាពថ្លៃថ្នូរ សក្ដិសមជាបក្សដឹកនាំប្រទេសជាតិ ខណ:សមាជិក សមាជិកា និងពលរដ្ឋ ត្រូវបានគេប្រមាណថាមាន រាប់ម៉ឺននាក់ឯណោះ ដែលនេះសបញ្ជាក់ឲ្យឃើញពីគុណតម្លៃ នៃសុខសន្តិភាព ភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសមត្ថភាពខ្លាំងពិតៗ ក្នុងការដឹកនាំប្រទេសឲ្យរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ពិសេសគ្រប់គ្រងបានល្អបំផុតនូវកត្តាសុខសន្តិភាពជាតិពេញលេញ ការរួបរួមជាតិ ឯកភាពជាតិ និងកសាងប្រទេសជាតិឲ្យរីកចម្រើនឡើងជាលំដាប់៕