(តាកែវ)៖ លោក សុខ សូកាន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំពិធីហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅឃុំព្រះបាទជាន់ជុំ។
ពិធីដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកនិងឃុំ, គណៈកម្មាធិការគណបក្សស្រុក ឃុំ និងសាខាបក្សភូមិ, ព្រមទាំងបេក្ខជនឈរឈ្មោះបោះឆ្នោត និង សមាជិក សមាជិកាគណបក្សទូទាំងឃុំព្រះបាទជាន់ជុំ សរុបអ្នកចូលរួមប្រមាណ ៦០០នាក់។
ជាមួយគ្នានេះ នៅតាមបណ្ដាឃុំផ្សេងទៀតទូទាំងស្រុកគិរីវង់ ក៏មានរៀបចំពិធីហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅតាមដែនរដ្ឋបាលឃុំនីមួយៗ ដោយមានអ្នកចូលរួមសរុបទូទាំងស្រុក ប្រមាណ៤០០០នាក់។
លោក សុខ សូកាន បានយកឱកាសនេះសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកនិងឃុំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធនិងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងកន្លងមក ហើយក៏បានអរគុណនិងថ្លែងនូវការកោតសរសើរដោយស្មោះជូនដល់ថ្នាក់ដឹកនាំគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមដែលគណបក្សបានប្រគល់ជូនពេញមួយអាណត្តិ។
ស្ថិតក្នុងឱកាសនោះ លោក សុខ សូកាន បានថ្លែងថា គណបក្សប្រជាជនកម្ពុជាបានរួមសុខរួមទុក្ខជាមួយប្រជាជន ពុះពាររាល់ឧបសគ្គ ហ៊ានធ្វើពលិកម្មមិនរួញរា និងបានឆ្លងកាត់ដំណាក់កាលធំៗនៃប្រវត្តិសាស្ត្ររបស់ជាតិប្រកបដោយវីរៈភាពជាពិសេសបានសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុលពតដ៏សាហាវយង់ឃ្នងរហូតទទួលបានជ័យជម្នះនៅថ្ងៃរំដោះ ៧ មករា ១៩៧៩ រួចបន្តស្ដារ កសាង បង្រួបបង្រួមជាតិ និងទឹកដីឱ្យឯកភាពស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយតាមរយៈគោលនយោបាយឈ្នះឈ្នះ រួចបន្តអភិវឌ្ឍក្នុងសន្តិភាពនាបច្ចុប្បន្ន។
លោកបានបន្តទៀតថា «គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធាន បានបន្តសង្គ្រោះអាយុជីវិតយើងទាំងអស់គ្នាជាលើកទី២ ពីរណ្ដៅមរណៈនៃជំងឺកូវីដ១៩។ «ដូច្នេះយើងទាំងអស់គ្នាជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ សូមប្ដេជ្ញាយ៉ាងមុតមាំ ពុះពារជម្នះរាល់ឧបសគ្គ ត្រូវនាំជ័យជម្នះជាដាច់ខាតជូនគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ ដើម្បីបន្តរក្សាសន្តិភាពនិងការអភិវឌ្ឍនៅមូលដ្ឋានឃុំ នៃប្រទេសកម្ពុជាយើងជានិច្ចនិរន្តន៍»។
លោកក៏បានគូសបញ្ជាក់បន្ថែមថា សមាជិក សមាជិកាបក្សទាំងអស់នៅស្រុកគិរីវង់ បានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការឃោសនាបោះឆ្នោត បានចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាជនតាមខ្នងផ្ទះ ដើម្បីបញ្រ្ជាបសារនយោបាយស្តីពីសមិទ្ធផលធំៗជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា។
ជាចុងក្រោយលោកក៏បានអំពាវនាវដល់សាខាបក្សភូមិ ប្រធានក្រុមបក្សទាំងអស់ដែលជាថ្នាក់ដឹកនាំមូលដ្ឋាន ត្រូវខិតខំនិងយកចិត្តទុកដាក់ក្នុងការចលនាសមាជិកបក្ស និងប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នាជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយធានាថា «សមាជិកបក្ស១រូប គឺជាសំឡេងឆ្នោតគាំទ្របក្ស១សន្លឹក»។
ក្នុងការបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅឃុំព្រះបាទជាន់ជុំ ក៏ដូចជាតាមបណ្ដាឃុំទាំង១២ទូទាំងស្រុកគិរីវង់ បានទទួលការស្វាគមន៍និងអបអរសាទរពីសំណាក់ប្រជាជននៅគ្រប់ភូមិនិងតាមខ្នងផ្ទះយ៉ាងច្រើនកុះករ ប្រកបដោយភាពកក់ក្ដៅ ស្និទ្ធស្នាល និងសប្បាយរីករាយ។
គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងរយៈពេល១៤ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតកន្លងមកនេះ គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់គ្រប់ជាន់ថ្នាក់ គឺបានធ្វើសកម្មភាពយ៉ាងផុលផុសនិងជោគជ័យបំផុតនៅមូលដ្ឋានភូមិ ឃុំ ទាំងអស់ទូទាំងស្រុក ដោយគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត៕