(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។

គ.ជ.ប បានឱ្យដឹងថា ក្នុងថ្ងៃចុងក្រោយនេះ គណបក្សនយោបាយបានធ្វើសកម្មភាពឃោសនាយ៉ាងផុលផុសនៅទូទាំងប្រទេស ជាពិសេសមានសកម្មភាពហែក្បួនទ្រង់ទ្រាយធំគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងនៅរាជធានីភ្នំពេញ មានការហែក្បួនរបស់គណបក្សនយោបាយចំនួន៣ ដែលមានអ្នកចូលរួមសរុបប្រមាណ ៥៣.៨០០នាក់។ រីឯនៅខេត្តសៀមរាប មានការហែក្បួនរបស់គណបក្សនយោបាយចំនួន៣ ដែលមានអ្នកចូលរួមសរុបប្រមាណ ៧២,០៦៤នាក់។ ដោយឡែកនៅខេត្តស្វាយរៀង មានការហែក្បួនរបស់គណបក្សនយោបាយចំនួន៤ ដែលមានអ្នកចូលរួមសរុបប្រមាណ ៣១,៣៦២នាក់។

សូមបញ្ជាក់ជូនថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ៣:០០នាទីរសៀល មានគណបក្សនយោបាយចំនួន១៧ បានដាក់បេក្ខជនចូលរួមប្រកួតប្រជែង រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្ស ខ្មែររួបរួមជាតិ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សកែទម្រង់កម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្ពុជានិយម គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែរតែមួយ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សឯកភាពជាតិខ្មែរ គណបក្សរស្មីខេមរា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច៕