(បាត់ដំបង)៖ លោក អ៉ិន បូរ៉ា សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយស្រុកសង្កែ និងជាប្រធានក្រុមការងារចុះជួយឃុំវត្តតាមិម នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងមូលដ្ឋានឃុំវត្តតាមិម។

ក្នុងឱកាសនោះ លោក អ៉ិន បូរ៉ា បានសម្តែងនូវមនោសញ្ជេតនា រំភើបរីករាយក្រៃលែងចំពោះវត្តមានបងប្អូន សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងឃុំវត្តតាមិម និងអ្នកគាំទ្រគណបក្សប្រជាជនទាំងឡាយ ដែលបានមកចូលរួមយ៉ាងច្រើនកុះករនាពេលនេះ ដើម្បីសម្តែងនូវឆន្ទះគាំទ្រយ៉ាងក្លៀវក្លា ត្រៀមគ្រប់លក្ខណៈសម្បត្តិដើម្បីចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

លោកក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិកគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនទាំងឡាយដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងធនធានផ្ទាល់ ចូលរួមឃោសនាស្វែងរកសំឡេងឆ្នោត រយៈពេល១៤ថ្ងៃមកនេះ។ ក្នុងអំឡុងពេលឃោសនាកន្លងមកនេះ យើងទាំងអស់គ្នាបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីស្វែងរកការគាំទ្រពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងគោលដៅដើម្បីយកជ័យជម្នះជូនគណបក្សរបស់យើង។

គូសបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ រយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ត្រូវបិទបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕