(កំពង់ចាម)៖ លោក ប៉ាន សូរស័ក្តិ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានចុះដឹកនាំក្បួនដង្ហែបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ នៅក្នុងស្រុកព្រៃឈរ និងស្រុកបាធាយ ក្នុងខេត្តកំពង់ចាម។
ក្នុងពិធីបិទយុទ្ធនាការនេះ នៅក្នុងស្រុកព្រៃឈរ មានការអញ្ជើញចូលរួមពីលោក លន់ លឹមថៃ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ លោក ឃឹម សិរីវង្ស អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតុងរ៉ុង លោក ជ្រុន ថេរ៉ាវ៉ាត អនុប្រធានគណៈឃោសនាអប់រំគណៈកម្មាធិការកណ្តាល និងជាប្រធានជនបង្គោលយុវជនប្រចាំស្រុកព្រៃឈរ លោក ឡោ ចាន់លី ប្រធានគណៈកម្មាធិការគណបក្សស្រុកព្រៃឈរ។
ដោយឡែកនៅស្រុកបាធាយ មានការអញ្ជើញចូលរួមពីសំណាក់ លោក ងួន សុជាតិ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម លោក ឡៅ វ៉ាន់ អនុប្រធានជនបង្គោលយុវជនប្រចាំស្រុកបាធាយ លោក ប៉ាវ ហេងតារា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាធាយ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបាធាយ លោក ផេន សុផល ប្រធានគណៈកម្មាធិការគណបក្សស្រុកបាធាយ ព្រមទាំងប្រធាន អនុប្រធានសមាជិក សមាជិកាក្រុមការងារគណបក្ស គណៈអចិន្ត្រៃយ៍បក្សស្រុក គណៈកម្មាធិការគណបក្សស្រុក គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំទាំងអស់ស្រុកទាំងពីរជាច្រើនពាន់នាក់។
មុននឹងចាប់ផ្តើមក្បួនដង្ហែ លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណចំពោះក្រុមការងារ មន្រ្តីបក្ស និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាគ្រប់ឃុំទាំងអស់ ក្នុងស្រុកទាំងពីរ ដែលបានចូលរួមយ៉ាងសកម្មក្នុងការឃោសនារកសំឡេងឆ្នោតគាំទ្ររយៈពេល១៤ថ្ងៃនេះ និងដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។
លោកប្រធានក្រុមការងារបានលើកឡើងថា ក្នុងរយៈពេល១៤ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោត បេក្ខជនក្រុមប្រឹក្សាឃុំរបស់គណបក្សប្រជាជនកម្ពុជា រួមជាមួយក្រុមការងារគ្រប់លំដាប់ថ្នាក់បានអនុវត្តការងារយ៉ាងសកម្ម និងទទួលបានលទ្ធផលល្អប្រសើរ ដោយបានជួបសំណេះសំណាល និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងសមាជិកបក្សនៅតាមភូមិ តាមខ្នងផ្ទះ ពិសេសគឺបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីគោលនយោបាយនៃការអភិវឌ្ឍឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ របស់គណបក្សប្រជាជនកម្ពុជា បានណែនាំឱ្យស្គាល់អំពីលេខរៀងគណបក្ស បានបង្រៀនពីការគូសសន្លឹកឆ្នោតគាំទ្រគណបក្ស និងការត្រួតពិនិត្យឯកសារបម្រើដល់ការបោះឆ្នោត ដូចជា អត្តសញ្ញាណបណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមការងារ បានលើកយកគោលនយោបាយនៃការអភិវឌ្ឍឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ទាំង ៧ចំណុច របស់គណបក្សប្រជាជនកម្ពុជា មកពន្យល់បន្ថែមដល់ឱ្យសមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋទាំងអស់ ឱ្យយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍ និងគុណសម្បត្តិដែលទទួលបានពីគោលនយោបាយដ៏ច្បាស់លាស់មួយនេះ។
គោលនយោបាយទាំងនោះ រួមមាន៖
១៖ ជាឃុំ-សង្កាត់ ដែលធានាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ប្រជាជនតាមគន្លងនីតិរដ្ឋដើម្បីលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋាន និងធ្វើឲ្យប្រជាជនបានរស់នៅដោយសុខដុមរមនាក្រោមម្លប់នៃសន្តិភាព
២៖ ជាឃុំ-សង្កាត់ ដែលមានសន្តិសុខរបៀបរៀបរយសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមកាន់តែល្អប្រសើរ
៣៖ ជាឃុំ-សង្កាត់ ដែលធានាការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្ត
- ប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលដោយឥតគិតថ្លៃ ប្រកបដោយភាពប្រសិទ្ធភាព និងភាពងាយស្រួល រីឯកុមារ និងយុវជនទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋ ដោយទទួលបានការរៀនសូត្រគ្រប់គ្នា តាមរយៈការបង្ខិតសាលារៀនឱ្យទៅជិតលំនៅឋានប្រជាពលរដ្ឋ
- គ្រប់ឃុំ សង្កាត់មានផ្លូវគមនាគមន៍ អគ្គិសនី ទឹកស្អាត និងប្រព័ន្ធទឹកស្រោចស្រពដំណាំកាន់តែល្អប្រសើរ ហើយប្រជាពលរដ្ឋ ទទួលបានសេវាសុខភាពនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ដោយឥតបង់ថ្លៃសម្រាប់ប្រជាជនក្រីក្រ និងអ្នកខ្វះលទ្ធភាព
- បន្តមិនយកពន្ធដីកសិកម្ម បែងចែកដី និងផ្ដល់កម្មសិទ្ធិដី ជូនគ្រួសារក្រីក្រគ្មានដីសម្រាប់ស្នាក់នៅ និងបង្កបង្កើនផលចិញ្ចឹមជីវិត ដែលបានអនុវត្តស្របតាមលក្ខខណ្ឌសម្បទានដីសង្គមកិច្ច
៤៖ ជាឃុំ-សង្កាត់ ដែលមានការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការបង្កើន ការងារ ការពង្រីកមុខរបរ ការអភិវឌ្ឍវិស័យកសិកម្ម និងផលិតកម្មផ្សេងៗទៀត ការពង្រីកទីផ្សារសម្រាប់ផលិតផលកសិកម្ម និងសិប្បកម្ម ការផ្តល់ប្រាក់កម្ចីមានអត្រាការប្រាក់ទាបសមរម្យសម្រាប់បង្កើត និងពង្រីកមុខរបរ ការរក្សាស្ថិរភាពថ្លៃស្បៀងអាហារ និងថ្លៃទំនិញចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ ការធ្វើអន្តរាគមន៍ពីរដ្ឋលើថ្លៃលក់កសិផលរបស់ប្រជាពលរដ្ឋ ដោយរក្សាបានសេដ្ឋកិច្ចទីផ្សារ និងសន្តិសុខសង្គ។
៥៖ ជាឃុំ-សង្កាត់ ដែលលើកកម្ពស់ការគាំពារសង្គម និងលើកកម្ពស់ស្ថានភាពរស់នៅរបស់ស្ដ្រី យុវជនកុមារ ជនមានពិការភាព ជនចាស់ជរា ជនជាតិដើមភាគតិច អតីតយុទ្ធជន គ្រួសារក្រីក្រ និងប្រជាជនងាយរងគ្រោះផ្សេងទៀត
៦៖ ជាឃុំ-សង្កាត់ ដែលលើកកម្ពស់គណនេយ្យភាពចំពោះប្រជាពលរដ្ឋ យុត្តិធម៌សង្គម និងភាពស្អាតស្អំ គ្មានការរំលោភអំណាច និងគ្មានអំពើពុករលួយ
៧៖ ជាឃុំ-សង្កាត់ ដែលមានស្វ័យភាព សិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវច្បាស់លាស់ ដើម្បីធានាការអភិវឌ្ឍមូលដ្ឋាន និងការការពារផលប្រយោជន៍របស់ប្រជាជន។
លោក ប៉ាន សូរស័ក្តិ បានផ្ដាំផ្ញើដល់សមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាព កុំពិសារគ្រឿងស្រវឹង កុំចេញទៅណាឆ្ងាយៗ និងសូមត្រៀមខ្លួនទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ដោយត្រូវត្រៀមឱ្យបានរួចស្រេចនូវអត្តសញ្ញាណបណ្ណ ឬឯកបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឱ្យការបោះឆ្នោត។ ជាពិសេសសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ដែលមានសញ្ញារូបទេវតាបាចផ្កា ជាសម្គាល់ ដើម្បីឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋានក្នុងឃុំ បន្តមួយអាណត្តិបន្ថែមទៀត៕