(តាកែវ)៖ លោកស្រីបណ្ឌិត កុយ ពិសី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគីរីវង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃអំពក នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំសជិក សមាជិការប្រមាណ ៣០០នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាការបោះឆ្នោត នៅឃុំព្រៃអំពក ស្រុកគីរីវង់។

នាឱកាសនោះដែរ លោកស្រីបណ្ឌិត កុយ ពិសី បានលើកឡើងថា ថ្ងៃនេះគឺជាទិវាដ៏មហាឱឡារិកអធិកអធម ដែលជាព្រឹត្តការណ៍នយោបាយជាប្រវត្តិសាស្ត្រ ដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋយើងនៅទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅនៅឃុំព្រៃអំពក ស្រុកគីរីវង់ ផងដែរ។

ជាមួយគ្នានេះ លោកស្រីបណ្ឌិត កុយ ពិសី បានបង្ហាញ និងសម្តែងនូវមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ចំពោះវត្តមានបងប្អូន ជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនទាំងឡាយ ដែលបានមកជួបជុំនាពេលនេះ ដើម្បីសម្តែងនូវឆន្ទៈគាំទ្រយ៉ាងក្លៀវក្លា ត្រៀមគ្រប់លក្ខណៈសម្បត្តិ ដើម្បីចូលរួមបោះឆ្នោតជូនគណបក្សនាពេលខាងមុខ។

លោកស្រីបណ្ឌិត បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងសមាជិកបក្សទាំងអស់ ត្រៀមលក្ខណៈសម្បត្តិ ដូចជាអត្តសញ្ញាណបណ្ណ ឬឯកសារលិខិតបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ដើម្បីទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតរបស់ខ្លួន និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ នាថ្ងៃអាទិត្យ ទី០៥ ឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នាកុំបីខាន ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាមានឱកាសដឹកនាំបន្ត បម្រើប្រជាពលរដ្ឋ បន្តអភិវឌ្ឍភូមិ ឃុំ សង្កាត់ ការផ្ដល់សេវាសាធារណៈនានា លើកកម្ពស់សេដ្ឋកិច្ចនិងជីវភាពប្រជាពលរដ្ឋ ការអប់រំ សុខភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានឃុំ សង្កាត់ ក្នុងទិសដៅអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនសម្បូរសប្បាយ និងជាពិសេសធានារក្សានូវសុខសន្តិភាពនៅទូទាំងប្រទេស។

ទន្ទឹមនឹងនេះដែរ លោកស្រីបណ្ឌិត កុយ ពិសី ក៏បានលើកឡើងនូវគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលធំៗជាច្រើន កើតចេញពីការដឹកនាំរបស់រាជរដ្ឋាភិបាល និងមេឃុំ ចៅសង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ក្នុងអាណត្តិកន្លងទៅ ក៏ដូចជាចាប់តាំងពីការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ក្រៅតែពីលើកបង្ហាញនូវសមិទ្ធផលធំៗរបស់ជាតិដែលសម្រេចបានហើយនោះ លោកស្រីបណ្ឌិត កុយ ពិសី ក៏បានឆ្លៀតគូសរំលេចនូវសមិទ្ធផលដ៏ធំនាពេលថ្មីៗ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារសុខភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ ពីការរាតត្បាតនៃជំងឺកូវីដ១៩ ដោយខិតខំរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋគ្រប់ៗរូបបានទាន់ពេលវេលា និងមិនមានការរើសអើង ហើយដែលនាំឱ្យមានការវាយតម្លៃ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ៕