(ក្រចេះ)៖ លោកស្រី ស៊ុន សាភឿន តំណាងរាស្ដ្រមណ្ឌលខេត្តក្រចេះ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកឆ្លូង នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងមូលដ្ឋានឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។

ក្នុងឱកាសនោះ លោកស្រី ស៊ុន សាភឿន បានសម្តែងនូវមនោសញ្ជេតនា រំភើបរីករាយក្រៃលែងចំពោះវត្តមានបងប្អូន សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងឃុំហាន់ជ័យ និងអ្នកគាំទ្រគណបក្សប្រជាជនទាំងឡាយ ដែលបានមកចូលរួមយ៉ាងច្រើនកុះករនាពេលនេះ ដើម្បីសម្តែងនូវឆន្ទះគាំទ្រយ៉ាងក្លៀវក្លា ត្រៀមគ្រប់លក្ខណៈសម្បត្តិដើម្បីចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

លោកស្រី ក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិកគណបក្សប្រជាជនកម្ពុជាឃុំហាន់ជ័យ និងអ្នកគាំទ្រគណបក្សប្រជាជនទាំងឡាយដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងធនធានផ្ទាល់ ចូលរួមឃោសនាស្វែងរកសំឡេងឆ្នោត រយៈពេល១៤ថ្ងៃមកនេះ។ ក្នុងអំឡុងពេលឃោសនាកន្លងមកនេះ យើងទាំងអស់គ្នាបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីស្វែងរកការគាំទ្រពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងគោលដៅដើម្បីយកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា។

គូសបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ រយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ត្រូវបិទបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕