(ព្រះវិហារ)៖ លោក ច័ន្ទ សុភ័ក្ត្រា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សខេត្តចុះជួយស្រុកឆែប ខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សខេត្ត ចុះជួយស្រុកឆែប នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនកុះករដង្ហែក្បូនបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។
ក្នុងឱកាសនេះលោក ច័ន្ទ សុភ័ក្ត្រា បានសម្តែងនូវមនោសញ្ជេតនា រំភើបរីករាយក្រៃលែងចំពោះវត្តមានបងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងឃុំឆែបមួយ និងអ្នកគាំទ្រគណបក្សប្រជាជនទាំងអស់ ដែលបានមកចូលរួមយ៉ាងច្រើនកុះករនាពេលនេះ ដើម្បីសម្តែងនូវឆន្ទៈគាំទ្រយ៉ាងក្លៀវក្លា ត្រៀមគ្រប់លក្ខណៈសម្បត្តិ ដើម្បីចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
លោកក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិកគណបក្សប្រជាជនកម្ពុជាឃុំឆែបមួយ និងអ្នកគាំទ្រគណបក្សប្រជាជនផ្សេងទៀត ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងធនធានផ្ទាល់ ចូលរួមឃោសនាស្វែងរកសំឡេង ឆ្នោត រយៈពេល ១៤ថ្ងៃមកនេះ។ក្នុងអំឡុងពេលឃោសនាកន្លងមកនេះ យើងទាំងអស់គ្នាបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីស្វែងរកការគាំទ្រពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងគោលដៅដើម្បីយកជ័យជម្នះ ជូនគណបក្សរបស់យើង។
លោក ច័ន្ទ សុភ័ក្ត្រា ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋក្នុងឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង៣.០០នាទីរសៀល នៅតាមការិយាល័យដែលមានបញ្ជីឈ្មោះបងប្អូន ពិសេសសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនថែមទៀត៕