(បាត់ដំបង)៖ លោក កែវ រ៉េមី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំរកា និងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ សមាជិក សមាជិកា និងអ្នកគាំទ្រដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំរកា និងឃុំកំពង់ព្រៀង។

សម្រាប់សមាជិក សមាជិក និងអ្នកគាំទ្រដែលបានចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោតរួមមាន នៅឃុំរកា ចំនួន ៣៦៤នាក់ និងនៅឃុំកំពង់ព្រៀង ជាង៥០០នាក់។

នាឱកាសនោះដែរ លោក កែវ រ៉េមី បានលើកឡើងថា ថ្ងៃនេះគឺជាទិវាដ៏មហាឱឡារិកអធិកអធម ដែលជាព្រឹត្តការណ៍នយោបាយជាប្រវត្តិសាស្ត្រ ដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋយើងនៅទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅឃុំរកា និងឃុំកំពង់ព្រៀង ផងដែរ។

ជាមួយគ្នានេះ លោកបានបង្ហាញ និងសម្តែងនូវមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ចំពោះវត្តមានបងប្អូន ជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនទាំងឡាយ ដែលបានមកជួបជុំនាពេលនេះ ដើម្បីសម្តែងនូវឆន្ទៈគាំទ្រយ៉ាងក្លៀវក្លា ត្រៀមគ្រប់លក្ខណៈសម្បត្តិ ដើម្បីចូលរួមបោះឆ្នោតជូនគណបក្សនាពេលខាងមុខ។

លោក កែវ រ៉េមី បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងសមាជិកបក្សទាំងអស់ ត្រៀមលក្ខណៈសម្បត្តិ ដូចជាអត្តសញ្ញាណបណ្ណ ឬឯកសារលិខិតបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ដើម្បីទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតរបស់ខ្លួន និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ នាថ្ងៃអាទិត្យ ទី០៥ ឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នាកុំបីខាន ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាមានឱកាសដឹកនាំបន្ត បម្រើប្រជាពលរដ្ឋ បន្តអភិវឌ្ឍភូមិ ឃុំ សង្កាត់ ការផ្ដល់សេវាសាធារណៈនានា លើកកម្ពស់សេដ្ឋកិច្ចនិងជីវភាពប្រជាពលរដ្ឋ ការអប់រំ សុខភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានឃុំ សង្កាត់ ក្នុងទិសដៅអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនសម្បូរសប្បាយ និងជាពិសេសធានារក្សានូវសុខសន្តិភាពនៅទូទាំងប្រទេស។

ទន្ទឹមនឹងនេះដែរ លោកក៏បានលើកឡើងនូវគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលធំៗជាច្រើន កើតចេញពីការដឹកនាំរបស់រាជរដ្ឋាភិបាល និងមេឃុំ ចៅសង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ក្នុងអាណត្តិកន្លងទៅ ក៏ដូចជាចាប់តាំងពីការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ក្រៅតែពីលើកបង្ហាញនូវសមិទ្ធផលធំៗរបស់ជាតិដែលសម្រេចបានហើយនោះ លោកក៏បានឆ្លៀតគូសរំលេចនូវសមិទ្ធផលដ៏ធំនាពេលថ្មីៗ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារសុខភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ ពីការរាតត្បាតនៃជំងឺកូវីដ១៩ ដោយខិតខំរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋគ្រប់ៗរូបបានទាន់ពេលវេលា និងមិនមានការរើសអើង ហើយដែលនាំឱ្យមានការវាយតម្លៃ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ រយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ត្រូវបិទបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕

http://image.freshnewsasia.com/2021/id-154/fn-2022-06-03-04-28-36-0.JPG

http://image.freshnewsasia.com/2021/id-154/fn-2022-06-03-04-28-43-1.JPG http://image.freshnewsasia.com/2021/id-154/fn-2022-06-03-04-28-45-2.JPG