(កំពង់ឆ្នាំង)៖ លោក គុយ សុផល និងលោកស្រី សឿ សុជាតា ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបរិបូណ៍ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិក សមាជិកា និងអ្នកគាំទ្រជិត២,០០០នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិកសមាជិកា និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបរិបូណ៍ គណៈកម្មាធិការគណបក្សបរិបូណ៍ គណៈកម្មាធិការគណបក្សឃុំ យុវជន ចូលរួមជិត ២០០០នាក់។

សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ រយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ត្រូវបិទបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយជាទូទៅយុទ្ធនាការក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះបានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ។

ក្នុងពិធីនេះផដែរទាំងលោក គុយ សុផល និងលោកស្រី សឿ សុជាតា បានពាំនាំការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងកោតសរសើរ ជូនចំពោះសកម្មជន អ្នកគាំទ្រគណបក្សប្រជានកម្ពុជាទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រី គ.ជ.ប ដែលបានសហការរួមគ្នាគោរពច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ធ្វើឱ្យដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២០ ប្រព្រឹត្តបានយ៉ាងរលូន នៅក្នុងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

ជាមួយគ្នានេះ លោក គុយ សុផល និងលោកស្រី សឿ សុជាតា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសម្គាល់លើសន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត ក្នុងមណ្ឌលបោះឆ្នោតនៅឃុំ ដោយយកភ្ជាប់ជាមួយខ្លួននូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្ត សញ្ញាណ (ឯ.អ) ឱ្យបានគ្រប់ៗគ្នាកុំបីខាន៕