(ត្បូងឃ្មុំ)៖ លោក ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញចុះសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជននៅក្រុង ស្រុកចំនួន៣ ក្នុងខេត្តត្បូងឃ្មុំ រួមមាន៖ ឃុំស្វាយឃ្លាំង ឃុំរការខ្នុរ ឃុំជំនីក និងឃុំឈូក ក្នុងស្រុកក្រូចឆ្មារ, ឃុំរការពប្រាំ ក្នុងស្រុកត្បូងឃ្មុំ និងសង្កាត់សួង ក្នុងក្រុងសួង។

លោក ជា សុផារ៉ា បានលើកឡើងថា ស្ថិតក្រោមម្លប់ដ៏ត្រជាក់របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បាននាំយកកម្ពុជាចេញពីភ្នក់ភ្លើងសង្គ្រាមតស៊ូរួមសុខរួមទុក្ខនៅគៀកជាប់ជាមួយពលរដ្ឋ មិនរត់ចោលឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ បន្តនាំយកសុខសន្តិភាពជូនកម្ពុជាយ៉ាងពេញលេញ កសាងសមិទ្ធផលយ៉ាងច្រើនជាប្រវត្តិសាស្រ្ត សម្រេចជូនជាតិ និងប្រជាជនទូទាំងប្រទេស បន្តការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ធានាបាននូវខឿនសេដ្ឋកិច្ចដ៏រឹងមាំក្នុងពេលបច្ចុប្បន្ន និងបន្តទៅកាន់អនាគត។

ជាមួយគ្នានោះ លោក ជា សុផារ៉ា គូសបញ្ជាក់ថា ថ្ងៃនេះគឺថ្ងៃការបិទបញ្ចប់យុទ្ធនាការឃោសនា រកសម្លេងរកសន្លឹកឆ្នោត ក៏សូមថ្លែងអំណរគុណដល់ក្រុមការងារ និងសមាជិក សមាជិកាទាំងអស់ ដែលមានការជឿជាក់ តស៊ូ ពុះពារ គាំទ្រមកលើបក្សប្រជាជនកម្ពុជា ជារៀងរហូតមក។ លោក ជា សុផារ៉ា ក៏បានសម្តែងនូវក្តីរីករាយដោយទទួលបានស្នាមញញឹម សម្លេងស្រែកហ៊ោកងរំពង ប្រមូលពូនផ្តុំជាកម្លាំងដ៏មហិមារបស់សមាជិកគណបក្សប្រជាជនគ្រប់ៗរូប ប្រកបដោយឆន្ទៈគាំទ្រដ៏មុតស្រួចចំពោះគណបក្ស ស្មោះស្ម័គ្រ ឥតងាករេ រួមចិត្តរួមគំនិតរួមបេះដូងតែមួយ។

ជាចុងក្រោយ លោក ជា សុផារ៉ា បានថ្លែងប្រកាសទៅកាន់ពលរដ្ឋទូទាំងប្រទេស ពិសេសសមាជិកគណបក្សប្រជាជន សូមទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍន៍ជារៀងដរាប ពោលគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវត្តាបាចផ្កា ជានិមិត្តសញ្ញា នៅលើសន្លឹកឆ្នោត៕