(កំពង់ធំ)៖ លោក ណឹម ចាន់ថា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានដឹកនាំសមាជិកសមាជិកាជាង១ពាន់នាក់ ដង្ហែក្បួនស្វែងរកការគាំទ្រពីម្ចាស់ឆ្នោត នៃថ្ងៃបញ្ចប់យុទ្ធនាការឃោសនារកសម្លេងឆ្នោតថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។
លោកបានលើកឡើងថា វាជារឿងដ៏ត្រឹមត្រូវបំផុតដែលសមាជិកសមាជិកា បានចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ ពីព្រោះថាមិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិដូចគណបក្សប្រជាជនកម្ពុជាឡើយ។ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែនៅរួមសុខរួមទុក្ខជាមួយសមាជិកគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនពួកគេជានិច្ច។
លោកបានថ្លែងអំណរអរគុណចំពោះសមាជិកបក្ស ដែលបានមករួមរស់ជាមួយគណបក្យប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ បានរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលកម្ពុជាមានអ្វីៗដូចសព្វថ្ងៃនេះ គឺមិនមែនជារឿងចៃដន្យទេ តែវាជាជោគវាសនាដ៏ល្អដែលប្រទេសកម្ពុជាមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដោយសម្ដេចមិនដែលធ្វើឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានការខកចិត្តម្ដងណាឡើយ។
លោក ណឹម ចាន់ថា បានអំពាវនាវដល់សមាជិកគណបក្សប្រជាជនកម្ពុជាគ្រប់រូបត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ហើយគណបក្សប្រជាជននៅឃុំក្រយាមានលំដាប់លេខរៀងទី៣៕