(ភ្នំពេញ)៖ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បានអញ្ជើញដឹកនាំក្រុមការងារ និងសមាជិកសមាជិកាចំនួន ៣០០នាក់ ហែក្បួនគណបក្សបក្សប្រជាជនកម្ពុជាសង្កាត់ស្ពានថ្ម បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នារសៀលថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។
ការហែក្បួនបិទយុទ្ធនាការឃោសនារបស់សង្កាត់ស្ពានថ្មនារសៀលនេះ បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងទទួលបានការសាទរ និងគាំទ្រយ៉ាងផុសផុលពីសំណាក់ លោកតា លោកយាយ អ៊ំ ពូមីង យុវជន យុវតី និងប្រជាជននៅតាមខ្នងផ្ទះនីមួយៗក្នុងភូមិទាំង៨ នៃសង្កាត់ស្ពានថ្ម ដែលពោរពេញដោយស្នាមញញឹម និងការសើចសប្បាយរីករាយក្អាកក្អាយចេញពីទឹកចិត្តដែលស្រឡាញ់យ៉ាងស្មោះស្ម័គ្រឥតងាករេចំពោះគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់គណបក្ស ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ តាមរយៈស្នាមញញឹម និងការសប្បាយរីករាយនេះ បានបង្ហាញពីប្រទេសជាតិមាន សុខសន្តិភាព ស្ថិរភាព មានការអភិវឌ្ឍ ការរីកចម្រើន សេដ្ឋកិច្ចលូតលាស់ ប្រជាពលរដ្ឋមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខ មានសុភមង្គលគ្រប់ក្រុមគ្រួសារទូទាំងប្រទេស។
ក្នុងនាមសមាជិកគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ និងប្រជាជនគ្រប់រូបទូទាំងប្រទេស ដែលបានជឿជាក់មកលើ គណបក្សប្រជាជនកម្ពុជាជារៀងរហូតមក និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៥ ឲ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដែលមានរូប ទេវតាបាច់ផ្កា ជាសញ្ញាសម្គាល់។ សូមទទួលបាននូវសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសុខសុវត្ថិភាពជានិច្ចនិរន្តរ៍៕