(កណ្ដាល)៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល បានដឹកនាំសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា តាមបណ្តាឃុំទាំង០៧ ក្នុងស្រុមមុខកំពូល ប្រមាណជិត៤,០០០នាក់ បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
លោក វង្សី វិស្សុត បានសម្ដែងនូវមនោសញ្ជេតនារំភើបរីករាយក្រៃលែងចំពោះវត្តមានសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនទូទាំងស្រុកមុខកំពូល ដែលបានមកចូលរួមយ៉ាងច្រើនកុះករនាពេលនេះ ដោយបានបង្ហាញការគាំទ្រពេញទំហឹង ចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងការដណ្តើមយកប្រៀបខ្លាំងប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃទី៥ ខែមិថុនានេះ។
លោក វង្សី វិស្សុត បានថែ្លងប្រាប់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ទូទាំងស្រុកមុខកំពូល និងអ្នកគាំទ្រគណបក្សប្រជាជនក្នុងស្រុកមុខកំពូលថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការពារសន្តិភាព និងដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែរីកច្រើនជឿនលឿន ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកក៏បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋ និងសមាជិក សមាជិកាទាំងអស់ ទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ទាំងអស់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ឲ្យបានគ្រប់ៗគ្នា ដោយនាំយកទៅជាមួយនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតផងដែរ។
គូសបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ រយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ត្រូវបិទបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕