(ភ្នំពេញ) ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩៦ព្រះវស្សា របស់ព្រះអង្គម្ចាស់ក្សត្រី Elizabeth ទី២ នៃចក្រភពអង់គ្លេស។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទេសរដ្ឋមន្រ្តី បានថ្វាយព្រះពរចំពោះព្រះមហាក្សត្រីយានី Elizabeth II និងប្រជាជននៃចក្រភពអង់គ្លេស ក្នុងឱកាសប្រារព្ធខួបចម្រើនព្រះជន្មព្រះមហាក្សត្រីយានី នៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង។

ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី បានសម្តែងនូវអំណរសាទរ និងប្រសិទ្ធិពរជ័យជូនចំពោះព្រះមហាក្សត្រីយានី Elizabeth II សូមឲ្យទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ និងសោយរាជ្យសម្បត្តិដ៏រុងរឿង និងសូមជូនពរប្រជាជននៃចក្រភពអង់គ្លេស សូមប្រកបដោយសុខភាពល្អបរិបូណ៍ សុខសន្តិភាព វិបុលភាព និងសុភមង្គល។

ទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ពិធីប្រារព្ធខួបចម្រើនព្រះជន្មនេះ ពិតជាឱកាសដ៏សំខាន់ និងវិសេសវិសាលសម្រាប់ប្រជាជននៃចក្រភពអង់គ្លេស ក្នុងការរំលឹកឡើងវិញនូវការលះបង់របស់ព្រះមហាក្សត្រីយានី Elizabeth ពេញមួយជីវិតរបស់ទ្រង់ ចំពោះចក្រភពអង់គ្លេស ចំពោះ Commonwealth និង Concord នៅលើឆាកពិភពលោក។ ព្រះមហាក្សត្រីយានី ត្រូវបានគេស្គាល់យ៉ាងច្បាស់ចំពោះការចូលរួមមិនអាចកាត់ថ្លៃបានរបស់ទ្រង់សម្រាប់ប្រទេសជាតិរបស់ទ្រង់ និងសម្រាប់សន្តិភាពពិភពលោក។ ការសោយរាជ្យសម្បត្តិដ៏យូរអង្វែងរបស់ទ្រង់ត្រូវបានកត់សម្គាល់ដោយកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់ទ្រង់ ក្នុងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ និងសហគមន៍ តាមរយៈការឧបត្ថម្ភរបស់ទ្រង់ទៅកាន់មូលនិធិសប្បុរសធម៌ និងអង្គការជាងប្រាំមួយរយស្ថាប័ន។

លោកបានបន្តទៀតថា «ការដឹកនាំ និងការលះបង់ពេញមួយជីវិតរបស់ព្រះមហាក្សត្រីយានី Elizabeth គឺជាឧទាហរណ៍មួយសម្រាប់គ្រប់ប្រជាជាតិទាំងអស់»។ ក្រោមការគ្រប់គ្រងរបស់ទ្រង់ ចក្រភពអង់គ្លេសបានឆ្លងកាត់ឧបសគ្គធំៗជាច្រើន និងទទួលបានសុខដុមរមនាក្នុងស្ថិរភាពដ៏យូរអង្វែង។ ចំណងទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជនយើងទាំងពីរ គឺជាពន្លឺដ៏មានអនុភាព ដែលបំភ្លឺមាគ៌ារបស់យើង សម្រាប់ពិភពលោកដ៏ស្រស់បំព្រង ដែលពោរពេញដោយក្តីស្រឡាញ់ សន្តិភាព និងវិបុលភាព។

ចក្រភពអង់គ្លេស និងព្រះរាជាណាចក្រកម្ពុជា មានប្រវត្តិសាស្រ្តរួមគ្នាដ៏យូរលង់ និងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យផ្សេងៗចាប់តាំងពីការបង្កើតចំណងការទូតនៅឆ្នាំ១៩៥៣។ យើងសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនអង់គ្លេស សម្រាប់ការគាំទ្រដ៏សប្បុរសចំពោះប្រជាជនកម្ពុជានៅលើ វិស័យសុខាភិបាល ការកាត់បន្ថយភាពក្រីក្រ ប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ និងការបោសសម្អាតមីនជាដើម។ ការបន្តការគាំទ្រក្នុងវិស័យបោសសម្អាតមីន ក្រោមគម្រោង UK’s Global Mine Action Program ដោយបានបែងចែកថវិកាប្រមាណជាង ១០លានដុល្លារ សម្រាប់ការបោសសម្អាតមីន ផ្តល់ដីមានសុវត្ថិភាពសម្រាប់កសិកម្ម លំនៅដ្ឋាន និងការអភិវឌ្ឍជនបទ ដែលបានផ្តល់អត្ថប្រយោជន៍ជូនប្រជាជនកម្ពុជារាប់លាននាក់។”

ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ប្រទេសយើងទាំងពីរ បានគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិ ហើយបានរក្សាការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាប្រចាំលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីនៅតែមានស្ថិរភាព សូម្បីតែក្នុងអំឡុងពេលវិបត្តិកូវីដ១៩ ក៏ដោយ។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល ដែលបានបន្តផ្តល់គម្រោងអនុគ្រោះទូទៅ GDP ដើម្បីជំរុញពាណិជ្ជកម្មសេរី និងយុត្តិធម៌ជាមួយប្រទេសកម្ពុជា។

កិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លានេះ ត្រូវបានពង្រឹងដោយវត្តមានដ៏រឹងមាំនៃធុរកិច្ច និងការវិនិយោគរបស់ចក្រភពអង់គ្លេស តាមរយៈការិយាល័យពាណិជ្ជកម្ម និងវិនិយោគរបស់ចក្រភពអង់គ្លេសនៅរាជធានីភ្នំពេញ ដែលត្រូវបានបង្កើតឡើងក្នុងខែមករា ឆ្នាំ២០១៣។

ក្នុងនាមរាជរដ្ឋាភិបាល ទេសរដ្ឋមន្រ្តី បានសង្ឃឹមយ៉ាងមុតមាំថា ការិយាល័យនេះនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធនៃប្រទេសកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរបស់យើងឱ្យឡើងដល់កម្រិតថ្មីមួយទៀត៕