(ព្រះវិហារ)៖ ប្រធាន អនុប្រធាន ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំស្រែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិកបក្ស និងអ្នកគាំទ្រគណបក្សប្រជាជនជាច្រើនរូប ចុះបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅរង្វង់មូលស្រអែម ក្រោមបរិយាកាសសប្បាយរីករាយ ជាមួយការប្រគុំតន្ត្រីនិងរាំលេងកំសាន្តជាមួយគ្នា។

ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នាពេលនេះ ស្ថិតក្រោមវត្រមានលោក លី សារ៉ារឹទ្ធ ប្រធានក្រុមការងារខេត្តចុះជួយស្រុកជាំក្សាន្ត លោក ដួង សំនៀង ប្រធានក្រុមការងារ គណបក្សចុះជួយឃុំស្រអែម លោក វុធ តារ៉ា អនុប្រធាគណៈកម្មាធិការគណបក្សប្រជាជនស្រុកជាំក្សាន្ត ដោយមានការចូលរួមពីក្រុមការងារ សមាជិក សមាជិកា ជាច្រើនរូបទៀត។

សម្លេងស្រែកជ័យឃោសយ៉ាងទ្រហឹងអឹងកង ពោពេញដោយក្តីរំភើបរីករាយ ពេញរង្វង់មូលស្រអែមនាព្រឹកនេះ បានបង្ហាញឱ្យប្រជាពលរដ្ឋក៏ដូចជាអ្នកដំណើរផងទាំងឡាយ បានមើលឃើញពីកម្លាំងមហាសាមគ្គីភាពដ៏រឹងមាំ របស់ថ្នាក់ដឹកនាំនិងសមាជិកគ្រប់រូប របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាបង្ហាញពីភាពខ្លាំងរបស់គណបក្សនិងការដឹកនាំដ៍យូរអង្វែងរបស់គណបក្សផងដែរ។

អ្វីដែលធ្វើឱ្យមហាជនមានការកោតសរសើរផងនោះ គឺក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំស្រអែម បានយកតន្ត្រីទៅប្រគុំលេងនៅរង្វង់មូលស្រអែម និងបានរាំលេងកំសាន្តជាមួយគ្នាដោយភាពស្និទស្នាលផងដែរ។

ក្រោមបរិយាកាសដ៏សែនរីករាយនេះផងដែរ សមាជិកសមាជិកា ទាំងអស់ប្តេជ្ញាទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃខាងមុខនេះឱ្យបានគ្រប់ៗគ្នា ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត៕