(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានដឹកនាំបិទយុទ្ធនាការឃោសនាបោះឆ្នោត ជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុ ជានៅឃុំសាលាវិស័យ ប្រមាណជាង៤០០នាក់ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ។
មុននឹងចាប់ផ្ដើម នៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដើរឆ្ពោះទៅស្រុកប្រាសាទបល្ល័ង្ក លោក ជា អឿង ក៏បានចូលរួមប្រជុំរួមជាមួយលោក ជា ចាន់តូ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ក្នុងការជួបពិភាក្សាគ្នា និងផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការប្ដេជ្ញាចិត្តរបស់សមាជិក សមាជិកាទាំងអស់ ដើម្បីធ្វើយ៉ាងណាប្រមូលកម្លាំងនឹងយកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា។
លោកបានលើកឡើងថា នេះគឺជាយុទ្ធនាការឃោសនាចុងក្រោយរបស់គណបក្សនយោបាយ ដូចនេះហើយគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវខិតខំធ្វើយ៉ាងណាផ្សព្វផ្សាយគោលនយោបាយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សេន ជាប្រមុខ និងធ្វើយ៉ាងណាលើកទឹកចិត្តដល់សមាជិកទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងថែទាំសុខភាពឲ្យបានល្អដើម្បីត្រៀមទៅបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ឲ្យបានគ្រប់គ្នា។
ដូចនេះក្នុងនាមលោកប្រធានក្រុមការងារ សូមសំណូមពរដល់សមាជិក សមាជិកាទាំងអស់សូមតាមដាន និងផ្ដល់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ដល់សមាជិកទាំងអស់មិនត្រូវមានការធ្វេសប្រហែសដោយប្រការណាមួយដែលធ្វើឲ្យពួកគាត់មិនបានទៅបោះឆ្នោត។
លោកក៏បានគូសបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ហើយក៏ជាគណបក្សដែលកើតចេញពីប្រជាជន ដើម្បីប្រជាជន និងរួមរស់ជាមួយប្រជាជនជាអមតៈ ដូច្នេះសូមសមាជិក សមាជិកា និងប្រជាជនទាំងអស់ត្រូវតែមានជំនឿជឿជាក់ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា៕