(ជប៉ុន)៖ ប្រធានក្រុមហ៊ុនផលិតរថយន្ត Mitsubishi Motors Corp លោក Tetsuro Aikawa បានប្រកាសថា នឹងលាឈប់ពីតំណែង ដើម្បីឆ្លើយតបទៅនឹងរឿងអាស្រូវ បំភ្លៃព័ត៌មានអំពីភាពសន្សំសំចៃប្រេងសាំងរបស់រថយន្ត ដែលបានកើតមានឡើងនៅក្នុងខែមេសា កន្លងទៅនេះ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។
ក្រុមហ៊ុនផលិតរថយន្តធំលំដាប់ទី៦ របស់ជប៉ុនមួយនេះ បានប្រកាសឲ្យដឹងថា លោក Osamu Masuko ប្រធានក្រុមប្រឹក្សាភិបាល នឹងត្រូវកាន់តំណែងប្រធានក្រុមហ៊ុនបណ្ដោះអាសន្នសិន រង់ចាំរបាយការណ៍នៃការស៊ើបអង្កេតបានបង្ហាញអាចនៅក្នុងខែកក្ដដា ឬក៏លឿនជាងនេះ ដោយអាចធ្វើឡើងនៅនៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុន ដែលព្រឹត្តទៅនាខែក្រោយ។
គួរបញ្ជាក់ផងដែរថា កាលពីខែមេសាកន្លងទៅនេះ ក្រុមហ៊ុន Mitsubishi បានសារភាពភាព មានរថយន្តប្រមាណ ៦២៥,០០០គ្រឿង បានជួបបញ្ហាប្រសិទ្ធភាពប្រេងឥន្ធនៈ ដែលធ្វើឲ្យភាគហ៊ុនធ្លាក់ចុះ និងបាត់បង់ទំនុកចិត្តពីអ្នកប្រើប្រាស់៕