(កំពង់ចាម)៖ ថ្លែងក្នុងឱកាសនៃពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកងមាស បានថ្លែងអំណរគុណ ចំពោះសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់នៅស្រុកកងមាស ដែលបានចូលរួមយ៉ាងសកម្ម និងកុះករ នៅក្នុងយុទ្ធនាការឃោសនារយៈពេល១៤ថ្ងៃកន្លងមក ប្រកបដោយស្មារតីសាមគ្គីភាព ភាពថ្លៃថ្នូរ គោរពទៅតាមនីតិវិធីច្បាប់ ក្នុងបរិយាកាសរីករាយ និងស្ងប់ស្ងាត់ល្អ ពិសេសបានបង្ហាញនូវការស្រឡាញ់ ដឹងគុណ និងគាំទ្រយ៉ាងស្មោះស្ម័គ្រ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្តេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសគណបក្ស ព្រមទាំងគាំទ្រ យ៉ាងពេញទំហឹងចំពោះបេក្ខភាពមេឃុំទាំង១១រូប មកពីគណបក្សប្រជាជនកម្ពុជា។

បណ្ឌិតសភាចារ្យបានបញ្ជាក់ថា បោះឆ្នោតជូនមេឃុំ បក្សប្រជាជនកម្ពុជា ដើម្បីអនាគតរបស់យុវជន និងកូនចៅស្រុក កងមាស បានរៀនសូត្រនៅសាលារៀនស្អាត និងមហាវិទ្យាល័យល្អៗ ព្រមទាំងដើម្បី លើកកម្ពស់មុខមាត់ និងកិត្តិយសរបស់ គ្រូបង្រៀន ដែលជាបេះដូងនៃការអប់រំ។

បោះឆ្នោតជូនមេឃុំ បក្សប្រជាជនកម្ពុជា ដើម្បីមានផ្លូវថ្នល់ល្អស្អាតនិងខ្វាត់ខ្វែង, មានស្ពាន មានទំនប់ទឹក មានមណ្ឌលសុខភាពច្រើនកន្លែង នៅតាមភូមិ និងតាមផ្ទះមានអគ្គិសនី និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។

បោះឆ្នោតជូនមេឃុំ បក្សប្រជាជនកម្ពុជា ដើម្បីឱ្យមេឃុំផ្តល់សេវាសាធារណៈ កាន់តែ លឿន និងមានងាយស្រួលជាងមុន ប្រជាជនគ្រប់ឃុំ នៅស្រុកកងមាស មានជីវភាពកាន់តែ ល្អប្រសើរ និងរស់នៅដោយសប្បាយចិត្ត។
បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងបន្តលើកកម្ពស់ជីវភាពរស់នៅ និងលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ។

ជាចុងក្រោយលោកបណ្ឌិតសភាចារ្យ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ព្រមទាំងបោះឆ្នោត គាំទ្របេក្ខភាពមេឃុំមកពីគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យពួកគាត់បានបន្តបំពេញភារកិច្ច និងបន្តអភិវឌ្ឍលើគ្រប់វិស័យទាំងអស់នៅគ្រប់ឃុំ និងបន្តលើកកម្ពស់ ជីវភាពរស់នៅរបស់ ប្រជាជន ស្រុកកងមាស ខេត្តកំពង់ចាម៕