(កំពង់ឆ្នាំង)៖ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ប្រមាណជាង៦០០នាក់ ដឹកនាំដោយ លោក សូ ស៉ីនួន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំឆ្នុកទ្រូ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
ក្នុងឱកាសនោះ ក្បូនបិទយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សប្រជាជនឃុំឆ្នុកទ្រូនេះ ក៏មានការទទួលស្វាគមន៍ពីសំណាក់សម្តេចចៅហ្វាវាំង គង់ សំអុល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង និងលោក លោកស្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនជាច្រើនរូបផងដែរ។
គូសបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ រយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ត្រូវបិទបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕