(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២ ២នេះ គឺជាថ្ងៃបញ្ចប់នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានក្រុមការងារ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅគ្រប់សង្កាត់ឃុំ នៃក្រុងស្រុកទាំង៨ របស់ខេត្តកំពង់ឆ្នាំង បានរៀបចំក្បួនដង្ហែក្បួន រកសំលេងឆ្នោត និងផ្សព្វផ្សាយគោលនយោបាយបក្សជូនប្រជាពលរដ្ឋតាមមូលដ្ឋាននានា។

ដោយឡែកនៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំឆ្នុកទ្រូ បានរៀបចំក្បួនដង្ហែគណបក្សប្រជាជនកម្ពុជា ឃោសនារកសំឡេងឆ្នោត ក្នុងថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោះក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃនេះ មានអ្នកចូលរួមរហូតដល់រាប់ពាន់នាក់ មានរថយន្ត និងយាន្តជំនិះផ្សេងៗជាច្រើនគ្រឿង តុបតែងលម្អទៅដោយទង់ជាតិ រូបឡូហ្គោរបស់គណបក្ស និងរូបសម្ដេចទាំង២ ថែមទាំងបានបំពាក់នូវវិឃោសនស័ព្ទ ចាក់សារសំលេងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផងដែរ។

ដោយឡែកនៅក្រុងកំពង់ឆ្នាំង ឯណេះវិញ ក្បួនដង្ហែរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ស៊ុន សុវណ្ណរិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង មានអ្នកចូលរួមការដង្ហែក្បួនរាប់ម៉ឺននាក់។

ក្នុងឱកាសនោះដែរ ប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ចំនួនអ្នកចូលរួមដង្ហែក្បួនឃោសនានៅថ្ងៃចុងក្រោយនេះ សរុបទូទាំងខេត្តកំពង់ឆ្នាំង មានសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ ចូលរួមដង្ហែទាំង ៨ក្រុង ស្រុក ជាង ៥ម៉ឺននាក់៕