(កំពង់ធំ)៖ ក្នុងថ្ងៃបិទយុទ្ធនាការរកសំឡេងឆ្នោត គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានធ្វើការដង្ហែក្បួនឃោសនាទ្រង់ទ្រាយធំ ដែលមានសមាជិកចូលខ្ទង់ម៉ឺននាក់។
តាមការបញ្ជាក់ពីលោក សុក ហៃ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នៅវេលាម៉ោង១៦.០០នាទី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ ការដង្ហែឃោសនារបស់បក្សប្រជាជនកម្ពុជា ធ្វើឡើងនៅគ្រប់ឃុំ-សង្កាត់ទាំង ៨១ទូទាំងខេត្ត តែទីតាំងធំជាងគេ គឺនៅទីរួមខេត្ត ដែលបានរៀបចំក្រោមអធិបតីភាពលោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ។
លោកបានបញ្ជាក់ទៀតថា នៅតាមបណ្តាឃុំសង្កាត់ទាំង៨១ ត្រូវបានរៀបចំដង្ហែក្បួនរៀងៗខ្លួន លើកលែងតែក្រុងស្ទឹងសែន ត្រូវបានដង្ហែក្បួនក្នុងខេត្តរួច ទើបបានវិលទៅឃោសនាតាមសង្កាត់វិញដោយចេញជពីទីតាំងធំ នៅគល់ស្ពានឆ្លងកាត់ស្ទឹងសែនសួនច្បារសម្តេច ហ៊ុន សែន។
លោកបានបន្ថែមថា ក្នុងពិធីដង្ហែរបិទយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃនេះ មានអ្នកចូលរួមជាង១០ម៉ឺននាក់ ដោយប្រើប្រាស់រថយន្តធំ តូច១,៨០០ គ្រឿងគោយន្ត៦២គ្រឿង កង់បី១៥គ្រឿង រឺម៉កម៉ូតូ២២គ្រឿង ម៉ូតូកង់ ១១៥២គ្រឿង កាណូត៧២ គ្រឿង និងមីក្រូ២៧១គ្រឿង៕