(ព្រៃវែង)៖ លោក ស្តើង សុខុម សមាជិកគណកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំចាយមារ ព្រមទាំងអនុប្រធានចុះមូលដ្ឋាន ស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ត្រីក្រុមការងារចុះមូលដ្ឋាន តាមបណ្តាឃុំ ព្រមទាំងសមាជិក សមាជិការគណបក្សមូលដ្ឋានក្នុងឃុំទាំង៨ នៃស្រុកកំចាយមារ ចំនួន៥,៥៣១នាក់ បានចូលរួមប្រារព្វពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ នេះ។
នៅក្នុងឱកាសបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ លោក ស្តើង សុខុម បានថ្លែងទៅកាន់សមាជិក សមាជិកាថា ក្នុងរយៈពេល១៤ថ្ងៃ នៃយុទ្ធនាការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ បេក្ខជនក្រុមប្រឹក្សាឃុំរបស់គណបក្សប្រជាជនកម្ពុជា យើងរួមជាមួយក្រុមការងារគ្រប់លំដាប់ថ្នាក់ បានអនុវត្តការងារយ៉ាងសកម្ម និងទទួលបានលទ្ធផលល្អប្រសើរ ដោយបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមភូមិ និងតាមខ្នងផ្ទះប្រជាជនដោយបានផ្សព្វផ្សាយគោលនយោបាយ និងសារនយោបាយសំខាន់ ដល់ប្រជានជននាអំឡុងពេលឃោសនាផងដែរ។
លោក ស្តើង សុខុម បានបន្តថាថ្ងៃនេះ យើងមកជួបជុំគ្នានៅទីនេះ ដើម្បីធ្វើពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ ២០២២ ដែលជាអាណត្តិទី៥ហើយ ដែលត្រូវធ្វើការបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនាខាងមុខនេះ។ យើងរួមជាមួយសមាជិក សមាជិកា ដែលនៅទីនេះនិងនៅទូទាំងស្រុករាប់ម៉ឺននាក់ បានចេញមកសម្តែងការគាំទ្រ ចំពោះបេក្ខជន បេក្ខនារី នៃគណបក្សប្រជាជនកម្ពុជាទាំងពេញសិទ្ធិ ទាំងបម្រុង ដែលឈរឈ្មោះនៅគ្រប់ឃុំទាំង៨។
លោកប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារ បានយកឱកាសនេះដើម្បីសម្តែងនូវការអរគុណ និងកោតសរសើរ ដោយការគោរពចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្មដើម្បីថែរក្សាបរិយាកាស អព្យាក្រិត ភាពសុខសាន្ត នៅក្នុងរយៈពេលនៃដំណើរ ការយុទ្ធនាការកន្លងមកនេះហើយដែលនឹងត្រូវបញ្ចប់នៅក្នុងថ្ងៃនេះ និងថ្ងៃស្អែកឈានទៅដល់ដំណាក់កាលនៃភាពស្ងប់ស្ងាត់។
លោកប្រធានក្រុមការងារ បានថ្លែងថា គណបក្សប្រជាជនដ៏ខ្លាំងក្លា និងថ្លៃថ្នូររបស់យើង ដែលមានសមាជិក សមាជិកា បានអនុវត្តយ៉ាងត្រឹមត្រូវនូវច្បាប់ និងបទបញ្ជានីតិវិធី នៃការបោះឆ្នោត ហើយបញ្ចៀសបាននូវហិង្សាទាំងឡាយ ដែលវាជាការបារម្ភសម្រាប់ប្រជាពលរដ្ឋ។ អរគុណជាមួយនឹងការចូលរួមយ៉ាងដូច្នេះគុណធម៌ដ៏ថ្លៃថ្លា នៃសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បានបង្ហាញឲ្យឃើញពីភាពចាស់ទុំខាងនយោបាយរបស់គណបក្សយើង។ នេះពិតជាមោទនភាពសម្រាប់បក្សយើង ទាំងមូលសម្រាប់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។
លោក ស្តើង សុខុម បានបន្តថា ឆ្លងតាមការពិនិត្យវាយតម្លៃនូវកម្មវិធីនយោបាយរបស់គណបក្សនយោបាយនានាការពិនិត្យ វាយតម្លៃទៅលើលក្ខណសម្បត្តិបេក្ខជន និងសកម្មភាពជាក់ស្តែងយុទ្ធនាការឃោសនាបោះឆ្នោត បានបង្ហាញឲ្យយើងទាំងអស់គ្នាកំណត់បានថា គឺមានតែគណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះដែលមានលទ្ធភាព សមត្ថភាព បទពិសោធន៍ និងភាពចាស់ទុំខាងនយោបាយ ក្នុងការបន្តដឹកនាំអភិវឌ្ឍឃុំ សង្កាត់ បន្តដឹកនាំអភិវឌ្ឍប្រទេសជាតិឲ្យឆ្ពោះទៅកាន់ភាពសម្បូរ សប្បាយ រុងរឿងដ៏ពិតប្រាកដស្របតាមបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាគ្រប់រូប។
គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយដែលមានប្រវត្តិ និងស្នាដៃក្នុងការនាំអ្នកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានដឹកនាំធ្វើការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងប្រឹងប្រែងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីទប់ស្កាត់ការប៉ុនប៉ង វិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។
គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីស្នូលក្នុងការចរចាបង្រួបបង្រួមជាតិរហូតសម្រេចបានកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស និងការបោះឆ្នោតជាតិឆ្នាំ១៩៩៣ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សហើយដាក់ចេញ និងអនុវត្តដោយជោគជ័យនូវនយោបាយ ឈ្នះឈ្នះ នាំមកនូវឯកភាពជាតិ ឯកភាពទឹកដី និងសន្តិភាពពេញលេញសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជា បានដឹកនាំការស្តារអភិវឌ្ឍប្រទេសជាតិ ពីបាតដៃទទេពីគំនរផេះផង នៃសង្គ្រាមរបប្រល័យពូជសាសន៍ រហូតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យកម្ពុជា មានឋានៈស្មើមុនស្មើមាត់ជាមួយប្រទេសនានាក្នុងតំបន់ និងលើពិភពលោក ហើយបាននិងកំពុងដើរតួនាទីយ៉ាងសកម្មលើឆាកអន្តរជាតិ។ គណបក្សប្រជាជនកម្ពុជា បានផ្តួចផ្តើមដាក់ចេញ និងដឹកនាំអនុវត្តនូវគោលនយោបាយកំណែទម្រង់វិមជ្ឈការ ដើម្បីលើកកម្ពស់ដំណើរការប្រជាធិបតេយ្យ និងការអភិវឌ្ឍមូលដ្ឋាន ដែលមានការចូលរួម និងភាពជាម្ចាស់របស់ប្រជាជនគ្រប់មូលដ្ឋានទូទាំងប្រទេស។
លោកប្រធានក្រុមការងារចុះស្រុកកំចាយមារ បានបន្តថា ក្រៅពីសមិទ្ធផលខាងលើនេះគណបក្សប្រជាជនកម្ពុជា មានគុណសម្បត្តិពិសេស ក្នុងការដឹកនាំប្រទេសនឹងមូលដ្ឋានខុសពីគណបក្សនយោបាយផ្សេងៗដទៃ ក្នុងនោះ គណបក្សប្រជាជនកម្ពុ ជាមានគោលនយោបាយត្រឹមត្រូវ និងដាក់ស្ដែងទើបប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនគ្រប់វិស័យគណបក្សប្រជាជនកម្ពុជា មានស្នាដៃធំៗជាប្រវត្តិសាស្ត្រជាច្រើនទាំងខាងនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។ គណបក្សប្រជាជនកម្ពុជា មានបទពិសោធន៍ដឹកនាំគ្រប់គ្រាន់ទាំងនៅថ្នាក់ជាតិ និងនៅមូលដ្ឋានឃុំ សង្កាត់។
គណបក្សប្រជាជនកម្ពុជា មានធនធានមនុស្សប្រកបដោយសមត្ថភាពពិតប្រាកដ ក្នុងការបំពេញការងារដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ គណបក្សប្រជាជនកម្ពុជា មានរចនាសម្ព័ន្ធ និងនាំពីថ្នាក់ជាតិ រហូតដល់មូលដ្ឋានដើម្បី ផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍ ក្នុងគោលបំណងឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។គណបក្សប្រជាជនកម្ពុជា មានសាមគ្គីភាព និងឯកភាពរឹងមាំ ហើយធ្វើសកម្មភាពគ្រប់បែបយ៉ាងដោយផ្សាភ្ជាប់នឹងជីវភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋ សម្រាប់ប្រជាពលរដ្ឋ និងដើម្បីប្រជាពលរដ្ឋនៅមូលដ្ឋាន។
សរុបមកគោលនយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់ឆ្នាំ២០២២-២០២៧ របស់គណបក្សប្រជាជនកម្ពុជា ដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត រយៈពេល១៤ថ្ងៃនេះ រួមមួយគុណសម្បត្តិ ដ៏ពិសេសរឹងមាំ និងល្អប្រសើរខុសពីគណបក្សនយោបាយដទៃខាងលើ ឆ្លុះបញ្ចាំងឲ្យឃើញថាគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយមួយ អាចធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍដ៏ពិតប្រាកដជូនប្រជាពលរដ្ឋនៅមូលដ្ឋានភូមិ ឃុំ សំដៅធានាឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅ និងទទួលសេវាសាធារណៈពីឃុំ សង្កាត់កាន់តែប្រសើរ កាន់តែឆាប់រហ័ស និងកាន់តែឆ្លើយតបទៅនឹង សេចក្តីត្រូវការជាក់ស្ដែងនៅមូលដ្ឋាន។
ក្នុងស្មារតីនេះ លោកប្រធានក្រុមការងារ បានសូមអំពាវនាវដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា អ្នកគាំទ្រគណបក្ស និងបងប្អូនជនរួមមជាតិទាំងអស់សូម មេត្តាគាំទ្រ និងចូលរួមអនុវត្តគោលនយោបាយនេះ ដើម្បីរួមគ្នាបន្តអភិវឌ្ឍភូមិឃុំ និងសហគមន៍របស់ប្រជាពលរដ្ឋឲ្យមានការអភិវឌ្ឍរីកចម្រើនកាន់តែនឹងទៅខ្លាំងក្លាថែមទៀត។
ក្នុងនាមជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារ លោកក៏សូមគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងបងប្អូនជនរួមជាតិទាំងអស់ ដែលជានិច្ចកាលបានធ្វើការប្តេជ្ញាចិត្តគាំទ្រ និងរួមសុខរួមទុក្ខជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការកសាងសន្តិភាព ការអភិវឌ្ឍឃុំ សង្កាត់ ភូមិរបស់បងប្អូន ក៏ដូចប្រទេសជាតិរយៈពេលកន្លងមក និងតទៅមុខទៀត។
ជាចុងក្រោយលោក ស្តើង សុខុម បានផ្តាំផ្ញើទៅសមាជិក សមាជិកា ព្រមទាំងប្រជាពលរដ្ឋដែលគាំទ្រគណបក្សប្រជាជន បន្តគោរពឲ្យបានហ្មត់ចត់នូវច្បាប់បោះឆ្នោត បទបញ្ជានិងនីតិវិធី នៃការបោះឆ្នោតរហូតការបោះឆ្នោតហើយជាស្ថាពរ។ នេះជាកិច្ចការដែលយើងត្រូវធ្វើបន្ត បន្ទាប់ពីយើងធ្វើយុទ្ធនាការឃោសនារយៈពេល១៤ ថ្ងៃ ហើយកុំឲ្យភាពថ្លៃថ្នូររបស់យើងធ្លាក់ចុះដោយសារតែនៅសល់ប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ។
លោកក៏បានអំពាវនាវសមាជិក សមាជិកា គោរពឲ្យបានហ្មត់ចត់ ហើយកុំធ្វើទង្វើណាដែលអសីលធម៌ ឬ ហិង្សា។ សមាជិកម្នាក់ៗ និងក្រុមគ្រួសារ និងប្រជាពលរដ្ឋគ្រប់រូបត្រូវត្រៀមគ្រប់ឯកសារដើម្បីទៅបោះឆ្នោតថ្ងៃទី០៥ ខែមិថុនាខាងមុខនេះ។ សូមចំណាំសញ្ញាគណបក្សប្រជាជនឲ្យបានច្បាស់ និងដឹងលេខរៀងតាមឃុំ សង្កាត់នីមួយៗ ។ សមាជិកបក្សដ៏ស្មោះត្រង់ និងប្រកបដោយវិន័យម្នាក់ៗ ត្រូវតែជាសន្លឹកឆ្នោតមួយសន្លឹកបោះឲ្យបក្ស៕