(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានចាប់វាយខ្នោះបុរសម្នាក់ បន្ទាប់ពីធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះម្នាក់ បណ្ដាលឱ្យរងរបួសដេរអស់ជាច្រើនថ្នេរ នៅព្រឹកថ្ងៃទី១៨ ខែឧសភា​ ឆ្នាំ២០១៦នេះ ក្នុងក្រុមទី១០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ម៉ៅ ចាន់ថុន នាយរងផ្នែក នគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានប្រាប់ភ្នាក់ងារ Fresh Newsថា បន្ទាប់ពីទទួលបានពាក្យ​បណ្ដឹងពីជនរងគ្រោះឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ១៨H ក្រោយមកកម្លាំងនគរបាល នៃអធិការដ្ឋាន​នគរបាលខណ្ឌឫស្សីកែវ បានស្រាវជ្រាវរហូតឈាន​ដល់ការឃាត់ខ្លួនបុរសត្រូវសង្ស័យម្នាក់ឈ្មោះ ពេជ្រ បញ្ញារ៉ាត់ ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរជាជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះលេខ៧៨០ អ្នកទាំង២ មានទីលំនៅកន្លែងកើតហេតុខាងលើ។ លោកនាយរងបានបន្ដថា គ្រាន់តែទទួលបានពាក្យ​បណ្ដឹងពីជនរងគ្រោះ ថាមានករណីប្រើ​អំពើហិង្សា ដោយយកកាំបិតប៉័ងតោ កាប់បណ្ដាលឲ្យមាន​មនុស្សរងរបួស ក្រោយមកកម្លាំងដ្ឋានបានបន្ត ស្រាវជ្រាវស្វែងរក ឈានដល់ការឃាត់ខ្លួន​បុរសត្រូវសង្ស័យ​ម្នាក់ខាងលើភ្លាមៗ រួមទាំងដកហូតវត្ថុតាងមានកាំប៉័ងតោ១ ដើម្បីយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវតែម្ដង។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារ​ភាពថា ខ្លួនពិតជាបានយកកាំបិត ទៅកាប់លើជនរងគ្រោះ បណ្ដាលឲ្យរងរបួសដេរជាច្រើនថ្នេរពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅ​អធិការដ្ឋាននគរបាល​ខណ្ឌឫស្សីកែវ ដើម្បីចាត់កសាង​សំណុំរឿងចាត់ការតាមនីតិវិធី៕