(កណ្តាល)៖ ក្រុមយុវជនជាច្រើនរូបនៅក្នុងឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានចូលរួមហែក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជា។ ក្រុមយុវជនទាំងនេះ ជាអ្នកដែលបានស្រឡាញ់ និងពេញចិត្តចំពោះគណបក្សប្រជាជនកម្ពុជាជាច្រើនឆ្នាំមកហើយ។

លោក បឿន សុជាតិ អាយុ ៣៤ឆ្នាំ រស់នៅក្នុងឃុំត្បែង បានប្រាប់អ្នកព័ត៌មាន Fresh News ថា ក្នុងឃុំរបស់គេទទួលបានការអភិវឌ្ឍជាច្រើនក្រោមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា។ សមិទ្ធផលដែលគេកត់សម្គាល់នោះមានដូចជាផ្លូវថ្នល់ ដែលពីមុនភាគច្រើនជាផ្លូវដីពិបាកធ្វើដំណើរ បានប្រែក្លាយទៅជាផ្លូវកៅស៊ូ និងផ្លូវបេតុងជាដើម។

ក្រៅពីផ្លូវហើយនោះ តាមរយៈក្រុមការងារចុះមូលដ្ឋានមកពីគណបក្សប្រជាជនកម្ពុជា ដែលមានអ្នកឧកញ៉ា ទ្រី ភាព ជាប្រធាន ក៏បានជួយសាងសង់សាលារៀនជាច្រើនខ្នង បង្កភាពងាយស្រួលដល់ការសិក្សារៀនសូត្ររបស់កូនចៅប្រជាពលរដ្ឋក្នុងឃុំ។ បន្ថែមពីលើនោះ អ្នកឧកញ៉ា ទ្រី ភាព ក៏បានជួយសាងសង់ទីអារាម ព្រមទាំងតែងតែជួយដោះស្រាយការលំបាក និងសេចក្តីត្រូវការនានារបស់ប្រជាពលរដ្ឋក្នុងឃុំ។

លោក បឿន សុជាតិ ក៏បានបង្ហាញការពេញចិត្តចំពោះមេឃុំមកពីគណបក្សប្រជាជនកម្ពុជាផងដែរ។ លោកបានឱ្យដឹងថា លោកមេឃុំត្បែងមកពីគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋក្នុងឃុំ ហើយការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏មានភាពរហ័សរហួនផងដែរ។

លោក បឿន សុជាតិ មានជំនឿមុតមាំថា ក្រោមការដឹកនាំឃុំរបស់ក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាជនកម្ពុជា ដោយផ្សារភ្ជាប់ជាមួយគោលនយោបាយថ្នាក់ជាតិដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែរនោះ នឹងធ្វើឱ្យឃុំត្បែងទទួលបានការអភិវឌ្ឍកាន់តែច្រើន ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរថែមទៀត៕