(រតនគិរី)៖ លោក យិន ចំណាន ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកអូរយ៉ាដាវ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ជាង១៥០០នាក់ បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២។ ពិធីនេះមានការចូលរួមពីសំណាក់លោក ម៉ា វិចិត្រ ប្រធានគណៈកម្មាធិការបក្សស្រុកអូរយ៉ាដាវផងដែរ។

ក្នុងឱកាសនោះ លោក យិន ចំណាន បានអំពាវនាវឲ្យសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ និងប្រជាពលរដ្ឋត្រៀមលក្ខណៈសម្បត្តិដូចជា អត្តសញ្ញាណបណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណបណ្ណបម្រើឲ្យការបោះឆ្នោត ដើម្បីទៅបោះឆ្នោតនៅតាមការិយាល័យរបស់ខ្លួន និងបោះឆ្នោតជូនគណបក្សប្រជាជនដែលមានរូប «ទេវតាបាចផ្កា» ជាសញ្ញាសំគាល់នាថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ឲ្យបានគ្រប់ៗគ្នា។

លោកក៏បានឆ្លៀតរំលឹកពីគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលធំៗជាច្រើន កើតពីការដឹកនាំរបស់រាជរដ្ឋាភិបាល និងមេឃុំ/ចៅសង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាក្នុងអាណត្តិកន្លងទៅ។

ក្រៅពីលើកឡើងបង្ហាញនូវសមិទ្ធផលធំៗរបស់ជាតិ ដែលសម្រេចបានហើយនោះ លោកក៏ឆ្លៀតគូសរំលេចនូវសមិទ្ធផលដ៏ធំនាពេលថ្មីៗ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែនក្នុងការការពាររបស់ប្រជាពលរដ្ឋពីការរាតត្បាតជំងឺកូវីដ១៩ ដោយរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ហើយនាំឲ្យមានការវាយតម្លៃ និងស្ងប់ស្ញែងពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ។

គូសបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ រយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ត្រូវបិទបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕