(ភ្នំពេញ)៖ «ឥន្ទធនូដល់ថ្ងៃស្អែក» គឺជាបទចម្រៀងមួយបទត្រូវបាននិពន្ធឡើង ដោយរំលេចឡើងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅនៃចំណងមិត្តភាព រវាងតារាចម្រៀងជនជាតិជប៉ុនល្បីឈ្មោះមួយរូប ជាមួយប្រជាពលរដ្ឋកម្ពុជាក្នុងពេលតារាចម្រៀងរូបនេះ បានមកលេងនៅកម្ពុជាតាំងពីពេលកម្ពុជា កំពុងស្ថិតស្ថានភាពក្រីក្រដោយសារវិបត្តិសង្គ្រាមស៊ីវិល។
ចម្រៀងជប៉ុនមួយបទនេះ បានធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្រក់ទឹកភ្នែកពេលបានទស្សនា ក្នុងពេលអញ្ជើញទស្សនកិច្ចនៅជប៉ុនកាលពីខែមេសា ឆ្នាំ២០២២កន្លងទៅនេះ នៅពេលឃើញទិដ្ឋភាព និងស្ថានភាពរស់នៅដ៏សែនលំបាករបស់ពលរដ្ឋកម្ពុជាកំឡុងកម្ពុជាទើបរំដោះពីរបបប្រល័យពូជសាសន៍ និងញ៉ាំញីដោយភ្លើងសង្គ្រាម។ ចម្រៀងគូសរំលេចពីស្ថានភាពដ៏កម្សត់របស់កម្ពុជា កាលពីអតីតកាលមួយបទនេះ ត្រូវរដ្ឋាភិបាលជប៉ុន ធ្វើពិធីប្រគល់ជូនមករាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។
បទចម្រៀង «ឥន្ទធនូដល់ថ្ងៃស្អែក» នេះ ត្រូវបានតារាចម្រៀង និងសម្តែងជប៉ុនដ៏ល្បីឈ្មោះ លោកស្រី មិណាមិណុ យ៉ូកុ និងក្រុមការងារ រៀបចំឡើងជាពិសេសសម្រាប់មហោស្រព «គីហ្សូណាឆ្នាំ ២០២២» និងខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា នៅឆ្នាំ២០២៣។
លោកស្រី មិណាមិណុ យ៉ូកុ បានមកប្រទេសកម្ពុជាពីរដង សម្រាប់ការងារទូរទស្សន៍។ លោកស្រី បានមកលើកទី១ ក្នុងឆ្នាំ១៩៨៩ និងលើកទី២ ក្នុងឆ្នាំ២០១៣។ បើតាមស្ថានទូតជប៉ុន ទំនាក់ទំនងរបស់លោកស្រី មិណាមិណុ យ៉ូកុ ជាមួយប្រទេសកម្ពុជា គឺរឹងមំា ហើយបានធ្វើឱ្យលោកស្រី ពិតជាចង់ធ្វើអ្វីមួយ ដើម្បីលើកកម្ពស់មិត្តភាពរវាងជប៉ុន និងកម្ពុជា។ ដូច្នេះលោកស្រី បាននិពន្ធបទចម្រៀងដោយចិត្តសប្បុរស តាមរយៈការចងចាំរបស់លោកស្រី ចំពោះកុមារីកំព្រា ដែលលោកស្រីបានជួបក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសកម្ពុជា។
តាមរយៈបទចម្រៀង «ឥន្ទធនូដល់ថ្ងៃស្អែក» នេះ លោកស្រី មិណាមិណុ យ៉ូកុ បានរំលឹកដល់អនុស្សាវរីយ៍របស់លោកស្រី ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ១៩៨៩ ក្នុងពេលកម្ពុជាស្ថិតក្នុងស្ថានភាពវិបត្តិនៃភ្លើងសង្គ្រាម ហើយសេដ្ឋកិច្ចមិនទាន់រីកចម្រើននៅឡើយ។ លោកស្រី បានធ្វើដំណើរទៅកាន់មណ្ឌលកុមារកំព្រា ហើយបានធ្វើសកម្មភាពមួយចំនួន ដើម្បីជួយដល់មជ្ឈមណ្ឌលកុមារកំព្រានោះ។
អត្ថន័យបទចម្រៀងបានបង្ហាញពីការជួយជ្រោមជ្រែងរបស់លោកស្រី ដើម្បីបង្កើតនូវស្នាមញញឹម និងពន្លឺជីវិតសម្រាប់កុមារកំព្រានោះ ដែលជាការបង្ហាញឱ្យឃើញនូវសមានចិត្ត និងទឹកចិត្តដ៏ជ្រាលជ្រៅរបស់ជនជាតិជប៉ុន សម្រាប់ពលរដ្ឋកម្ពុជា។ អត្ថន័យបទចម្រៀង បានរំលចនូវស្មារតីដ៏មុតមាំរបស់ពលរដ្ឋជប៉ុន ក្នុងការជួយដល់ពលរដ្ឋកម្ពុជា ដើម្បីឆ្ពោះទៅក្តីសង្ឃឹមមួយ ដែលជាបំណងប្រាថ្នារួមរបស់ពលរដ្ឋកម្ពុជា និងពលរដ្ឋជប៉ុន។
ក្នុងសារលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន, លោកស្រី មិណាមិណុ យ៉ូកុ បានបង្ហាញនូវការភ្ញាក់ផ្អើលខ្លាំងដែលបានឮសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្ដាប់បទចម្រៀងនេះ ។
លោកស្រី បានបញ្ជាក់ថា «ខ្ញុំមានការរំភើបចិត្តយ៉ាងខ្លាំងក្នុងការទទួលបានលិខិតដ៏មានតម្លៃ ពីសម្តេចនាយករដ្ឋកមន្ត្រីដោយផ្ទាល់។ ខ្ញុំមានកិត្តិយសណាស់»។
លោកស្រី បានបញ្ជាក់ថា លោកស្រីបានមកប្រទេសកម្ពុជាពីរដងក្នុងឆ្នាំ១៩៨៩ និងឆ្នាំ២០១៣ ហើយនៅឆ្នាំ១៩៨៩ មិនទាន់មានស្ថានទូតជប៉ុននៅភ្នំពេញនៅឡើយ។ ពេលនោះលោកស្រី បានទៅសាលាបឋមសិក្សា មណ្ឌលកុមារកំព្រា មន្ទីរពេទ្យជាដើមក្នុងប្រទេសកម្ពុជា...។ លោកស្រី បានរៀនច្រើន ហើយមានអារម្មណ៍ផ្សេងៗ។
លោកស្រី មិណាមិណុ យ៉ូកុ បានបញ្ជាក់ក្នុងលិខិតផ្ញើជូនសម្តេចតេជោទៀតថា «ខ្ញុំបានទទួលថាមពលយ៉ាងច្រើនពីប្រជាជនកម្ពុជា។ នៅពេលដែលខ្ញុំបានមកជាលើកទីពីរក្នុងឆ្នាំ២០១៣ ក្មេងៗស្រីអាយុប្រហែល១០ឆ្នាំដែលខ្ញុំបានជួបនៅមណ្ឌលកុមារកំព្រា ក្នុងឆ្នាំ១៩៨៩ ប្រហែលម្ភៃឆ្នាំក្រោយមក ពួកគាត់បានក្លាយជាមនុស្សពេញវ័យ ហើយខ្ញុំបានជួបពួកគាត់ម្ដងទៀតនៅពេលនោះ។ ខ្ញុំមានការរំភើបចិត្តយ៉ាងខ្លាំង។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងដែលឃើញកូនក្មេងធ្លាប់ស្លូតត្រង់ និងស្វាហាប់ បានក្លាយជាម្តាយដ៏ល្អ ឬក៏ដើរតួនាទីយ៉ាងសកម្មក្នុងអាជីពផ្សេងៗ»។
លោកស្រី មិណាមិណុ យ៉ូកុ បានគូសរំលេចថា ក្រោយបានមកកម្ពុជាជាថ្មីនៅឆ្នាំ២០១៣ លោកស្រីមានបំណងបន្តមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជា ឱ្យមានភាពកាន់តែខ្លាំងឡើងៗ។ ផ្តើមពីបំណងនេះ លោកស្រីក៏បាននិពន្ធបទចម្រៀងនេះឡើង។
លោកស្រីសង្ឃឹមថា ប្រជាជនកម្ពុជា បានស្តាប់បទចម្រៀងនេះ។ នៅឆ្នាំ២០២៣ ដែលជាខួប៧០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ជប៉ុន លោកស្រី មិណាណុ យ៉ូកុ រំពឹងបានមកកាន់កម្ពុជាជាថ្មី ហើយច្រៀងចម្រៀង «ឥន្ទធនូដល់ថ្ងៃស្អែក»៕