(តាកែវ)៖ លោកបណ្ឌិត ពេជ សោភ័ន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ រួមជាមួយលោក តឹបអឿន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចារ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិក-សមាជិកា ដង្ហែបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
នៅក្នុងយុទ្ធនាការបិទឃោសនានេះ លោកបណ្ឌិត ពេជ សោភ័ន បានលើកឡើងថា ថ្ងៃនេះ គឺជាទិវាដ៏មហោឡារិកអធិអធម ដែលជាព្រឹត្តការណ៍នយោបាយជាប្រវត្តិសាស្ត្រ ដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រជាជនយើងទូទាំងប្រទេស ក៏ដូចជាប្រជាជននៅឃុំចារផងដែរ។
ជាមួយគ្នានេះ លោកបានបង្ហាញ និងសម្តែងនូវមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ចំពោះវត្តមានបងប្អូន ជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនទាំងឡាយ ដែលបានមកជួបជុំនាពេលនេះ ដើម្បីសម្តែងនូវឆន្ទះគាំទ្រយ៉ាងក្លៀវ ត្រៀមគ្រប់លក្ខណៈសម្បត្តិ ដើម្បីចូលរួមបោះឆ្នោតជូនគណបក្សនាពេលខាងមុខ។
ជាមួយគ្នានេះ លោកបណ្ឌិត ពេជ សោភ័ន បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងសមាជិកបក្សទាំងអស់ ត្រៀមលក្ខណៈសម្បត្តិ ដូចជាអត្តសញ្ញាណបណ្ណ ឬឯកសារលិខិតបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ដើម្បីទៅបោះឆ្នោតនៅតាមការិយាល័យរបស់ខ្លួន និងបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ នាថ្ងៃអាទិត្យ ទី០៥ ឆ្នាំ២០២២ ឲ្យបានគ្រប់ៗគ្នាកុំបីខាន ដើម្បីឲ្យគណបក្សមានឱកាសដឹកនាំបន្តទៀត ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន សម្បូរសប្បាយ និងជាពិសេសដឹកនាំប្រទេសឈានទៅរកសុខសន្តិភាព។
ឆ្លៀតក្នុងឱកាសនោះ លោកក៏បានលើកឡើងនូវគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលធំៗជាច្រើន កើតចេញពីការដឹកនាំរបស់រាជរដ្ឋាភិបាល និងមេឃុំ ចៅសង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ក្នុងអាណត្តិកន្លងទៅ ក៏ដូចជាចាប់តាំងពីការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ក្រៅតែពីលើកបង្ហាញនូវសមិទ្ធផលធំៗរបស់ជាតិដែលសម្រេចបានហើយនោះ លោកក៏បានឆ្លៀតគូសរំលេចនូវសមិទ្ធផលដ៏ធំនាពេលថ្មីៗ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារ សុខភាពរបស់ប្រជាពលរដ្ឋ ពីការរាតត្បាតជំងឺកូវីដ១៩ ដោយរកវ៉ាក់សាំងបង្ការមកចាក់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ហើយនាំឲ្យមានការវាយតម្លៃ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ រយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ត្រូវបិទបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕