(កំពង់ធំ)៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ជាព្រឹត្តិការបិទបញ្ចប់ការឃោសនាបោះឆ្នោត លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកប្រាសាទសំបូរ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅឃុំសំបូរ ស្រុកប្រាសាទសំបូរ និងបានអំពាវនាវដល់សមាជិកបក្សនិងប្រជាពលរដ្ឋទៅ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ឱ្យបានគ្រប់គ្នា។
លោក ឈុន ឈន់ បានថ្លែងទៅកាន់សមាជិកគណបក្សថាក្នុងរយៈពេល១៤ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតបេក្ខ ជនក្រុមប្រឹក្សាឃុំរបស់គណបក្សប្រជាជនរួមជាមួយក្រុមការងារគ្រប់លំដាប់ថ្នាក់ បានអនុវត្តការងារយ៉ាង សកម្មនិងទទួល បានលទ្ធផលល្អប្រសើរដោយបានជួបសំណេះសំណាល និងចុះសួរសុខទុក្ខប្រជាពលរដ្ឋនិងសមាជិកបក្សនៅតាមភូមិ តាមខ្នងផ្ទះពិសេស គឺបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីគោល នយោបាយនៃការអភិវឌ្ឍឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ របស់គណបក្សប្រជាជនកម្ពុជា បានណែនាំឱ្យស្គាល់អំពីលេខរៀងគណបក្សប្រជាជន បានបង្រៀនពីការគូសសន្លឹកឆ្នោត និងការត្រួតពិនិត្យឯកសារបម្រើដល់ការបោះឆ្នោត ដូចជាអត្តសញ្ញាណបណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)។
ជាមួយគ្នានេះលោកប្រធានក្រុមការងារក៏បានថ្លែងអំណរគុណចំពោះក្រុមការងារ មន្រ្តីបក្ស និងសមាជិកគណបក្ស ប្រជាជនទាំងអស់ ដែលបានចូលរួមក្នុងការឃោសនារកសំឡេងឆ្នោត រយៈពេល១៤ថ្ងៃនេះ និងដង្ហែក្បួនបិទយុទ្ធនា ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
ចុងក្រោយលោក ឈុន ឈន់ ក៏បានផ្ដាំផ្ញើដល់សមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋគ្រប់គ្នាថែរក្សាសុខភាព កុំពិសារគ្រឿងស្រវឹងកុំចេញទៅណាឆ្ងាយៗ និងសូមត្រៀមខ្លួនទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ហើយត្រូវត្រៀមឱ្យបានស្រេច បាច់នូវអត្តសញ្ញាណបណ្ណ ឬឯកបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ពិសេសគឺសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ដែលមានសញ្ញារូប «ទេវតាបាចផ្កា» ដើម្បីបន្តការថែរក្សាសន្តិភាព ការអភិវឌ្ឍមូលដ្ឋាន និងដើម្បីជីវភាពសុខសាន្តរបស់ប្រជាជនតទៅមុខទៀត៕