(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែក បានអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ។
ពិធីនេះបានធ្វើឡើង នៅក្នុងបរិវេណឃុំព្រែកទន្លាប់ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំក្នុងជួរសមាជិកគណៈអចិន្រ្តៃយ៍បក្សក្រុង-ស្រុក សមាជិកគណៈកម្មាធិការគណបក្សក្រុង-ស្រុក មន្រ្តីថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុក ក្រុមការងារគណបក្សចុះតាមឃុំ-សង្កាត់ និងសមាជិកសមាជិកា ស្រ្តី យុវជន គណបក្សប្រជាជនកម្ពុជាមកពីគ្រប់បណ្តាឃុំក្នុងស្រុកលើកដែក សរុបមានចំនួនប្រមាណជាង ៥ ពាន់នាក់ ។
ដំណើរការអង្គពិធីនាព្រឹកនេះ ប្រព្រឹត្តទៅដោយមានការប្រកាសហេតុ ប្រកាសសមាសភាពចូលរួម គោរពទង់ជាតិ ទង់គណបក្សប្រជាជនកម្ពុជា សុន្ទរកថាគន្លឹះរបស់អធិបតីថ្លែងក្នុងពិធីបិទយុទ្ធនាការ ដោយលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី។
ថ្លែងទៅកាន់អ្នកចូលរួមជាច្រើនពាន់នាក់ លោកស្រីកិត្តិសង្គហបណ្ឌិត បានធ្វើការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ រយៈពេល ១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២២ នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះបាន ប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ។
ក្នុងពិធីនេះផងដែរ លោកស្រីកិត្តិសង្គហបណ្ឌិត បានផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងកោតសរសើរ ជូនចំពោះសកម្មជន អ្នកគាំទ្រ គណបក្សប្រជានកម្ពុជាទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រី គ.ជ.ប ដែលបានសហការរួមគ្នាគោរពច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបដោតកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ធ្វើឲ្យដំណើរការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តបានយ៉ាងរលូន នៅក្នុងស្រុកលើកដែក ខេត្តកណ្តាល។
លោកស្រីក៏បានអំពាវនាវសូមអំពាវនាវជូនបងប្អូន សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងឡាយ សូមប្រកាន់ខ្ជាប់ និងប្រតិបត្តិឱ្យបានត្រឹមត្រូវនូវក្រមសីលធម៌ទាំងឡាយ ដែលមានចែងនៅក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ ដើម្បីធានាឱ្យបរិយាកាសនៅក្នុងដំណើរការយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃចុងក្រោយ និងថ្ងៃស្ងប់ស្ងាត់ ថ្ងៃបោះឆ្នោត រាប់សន្លឹកឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ ប្រព្រឹត្តទៅដោយរលូន និងប្រកបដោយសន្តិសុខ សុវត្ថិភាព ។ លោកស្រីបានធ្វើការណែនាំឲ្យបញ្ឈប់យុទ្ធនាការឃោសនានៅមុនម៉ោង ១០ យប់ ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២២ នេះ និងសូមកុំពិសារគ្រឿងស្រវឹង និងលក់គ្រឿងស្រវឹងនៅថ្ងៃទី ០៤-០៥ ខែមិថុនា ឆ្នាំ ២០២២។
លោកស្រីក៏បានរំលឹកជូនសមាជិក សមាជិកាគណបក្សប្រជាជន និងអ្នកគាំទ្រទាំងអស់ សូមពិនិត្យផ្ទៀងផ្ទាត់ឯកសារម្នាក់ៗ សម្រាប់ក្រុមគ្រួសារនូវអត្តសញ្ញាប័ណ្ណ ឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណព័ត៌មាន ដោយត្រូវប្រុងប្រៀបឱ្យបានគ្រប់ៗគ្នា យកទៅជាមួយសម្រាប់ថ្ងៃបោះឆ្នោត និងត្រូវចងចាំ ចំណាំសញ្ញាគណបក្ស និងលេខរៀងគណបក្សប្រជាជនឱ្យបានច្បាស់របស់ឃុំនីមួយៗ ដែលតម្រូវឱ្យគូសក្នុងប្រអប់ ៤ ជ្រុងលើសន្លឹកឆ្នោត។
ជាចុងក្រោយ សមាជិកបក្សទាំងអស់បានប្តេជ្ញាចិត្តយ៉ាងមុតមាំ នៅថ្ងៃបោះឆ្នោតនឹងរួសរាន់ចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ នៅថ្ងៃអាទិត្យទី ៥ ខែឧសភា ឆ្នាំ ២០២២ ដោយធានាថា ក្នុងនាមជាសមាជិកបក្សម្នាក់ នឹងផ្តល់សំលេងគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ១ យ៉ាងពិតប្រាកដ មិនអាក់ខានឡើយ៕