(ភ្នំពេញ)៖ បើទោះបីមេឃកំពុងធ្លាក់ភ្លៀង នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ បានបន្ដដឹកនាំសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ជាច្រើនពាក់នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ រាជធានីភ្នំពេញ។
តាមអ្វីដែលជាការគ្រោងទុក ក្បួនដង្ហែការឃោសនាបោះឆ្នោតនេះ បានឆ្លងកាត់ភូមិសាស្ត្រខណ្ឌចំនួន៥ នៅកណ្តាលរាជធានីភ្នំពេញ ដើម្បីបង្ហាញពីគោលនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា និងការប្តេជ្ញាចិត្តអនុវត្ត គោលនយោបាយនេះ ក្នុងរយៈពេល ៥ឆ្នាំ ខាងមុខទៀត ក្នុងការអភិវឌ្ឍសង្កាត់ឲ្យបានកាន់តែរីកចម្រើនថែមទៀត ស្របតាម បំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។
គូសបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ រយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ត្រូវបិទបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕