(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ លោកបណ្ឌិត មុឹង មករា សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម ព្រមទាំងសមាជិក សមាជិកា បានចូលរួមក្នុងពិធីដង្ហែបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅមូលដ្ឋានស្រុកជើងព្រៃ។
លោកបណ្ឌិត ម៉ឹង មករា បានជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ សូមឲ្យប្រជាពលរដ្ឋបន្តគាំទ្ររាជរដ្ឋាភិបាល ពិសេសបន្តគាំទ្រគណបក្សប្រជាជនដែលបានប្រឹងប្រែងកសាង និងរក្សាសន្តិភាព ដែលជាមូលដ្ឋាននៃការអភិវឌ្ឍលើកកម្ពស់គុណភាពជីវិត និងការស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ មានតែគណបក្សប្រជាជនកម្ពុជា ដែលបានថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍពិតប្រាកដជូនប្រជាជនកម្ពុជា។
គណបក្សប្រជាជនបង្កើតឡើងដោយប្រជាជន បម្រើប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជន ក្នុងស្មារតីជាមហាគ្រួសារខ្មែរដ៏ធំ ពិសេសគណបក្សប្រជាជន គឺស្មោះត្រង់នឹងរួមចំណែកជាមួយពលរដ្ឋខ្លួនក្នុងគ្រប់កាលៈទេសៈទាំងអស់ តាំងពីអតីតកាល បច្ចុប្បន្ន និងទៅថ្ងៃអនាគតជានិរន្តរ៍។
នាថ្ងៃដដែលនេះ លោកក៏បានអញ្ជើញទៅពិនិត្យមើលសមិទ្ធផលអាងទឹកអូរតាកេរ្តិ៍ ដែលជាសមិទ្ធផលរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ដែលសមិទ្ធផលនេះនឹងរួមចំណែកក្នុងការបង្កើតនូវសហគមន៍កសិករគំរូ ទីផ្សារកសិផល និងជាកន្លែងផ្ទេរនូវបច្ចេកវិជ្ជា បច្ចេកទេសកសិកម្ម និងគាំទ្រដល់ប្រជាកសិករក្នុងការលើកកំពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនលើវិស័យកសិកម្ម រួមមាន សួនដំណាំបន្លែសុវត្ថិភាព វារីវប្បកម្ម និងដំណាំស្រូវ ដើម្បីបង្ហាត់បង្ហាញជូនប្រជាពលរដ្ឋនៅមូលដ្ឋានតែម្តង។ សមិទ្ធផល និងស្នាដៃជាក់ស្តែងជាច្រើន ដែលកើតឡើងក្រោមការដឹកនាំផ្ទាល់របស់គណបក្សប្រជាជនកម្ពុជា គឺដើម្បីនាំនាវាកម្ពុជា ឆ្ពោះទៅមុខប្រកបដោយសន្តិភាព និងការអភិវឌ្ឍជូនប្រជាជនកម្ពុជា។
ក្រោមការដឹកនាំរបស់លោក ម៉ឹង មករា និងការចង្អុលបង្ហាញដោយផ្ទាល់ពី លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារបានរួមចំណែកយ៉ាងច្រើន ក្នុងការជួយដល់កិច្ចការមនុស្សធម៌មានដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋនៅជនបទរួមមាន ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រលាយទឹក ស្រះទឹក ការដាំកូនឈើលម្អអមសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឯទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅតាមជនបទ៕