(បាត់ដំបង)៖ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបង បានជួបសំណេះសំណាល និងពិភាក្សាការងារមួយចំនួនជាមួយសមាគមអង្គការ មិនមែនរដ្ឋាភិបាលក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាលោក ប៊ុត គឹមស៊ាន និងលោក ងួន រតនៈ អភិបាលរងខេត្ត។ កិច្ចប្រជុំសំណេះសំណាល និងពិភាក្សាការងារនេះមានការអញ្ជើញចូលរួមពី លោក អភិបាល អភិបាលរងស្រុក ក្រុង ប្រធាន អនុប្រធានមន្ទីរ​ជំនាញពាក់ព័ន្ធនានាជុំវិញខេត្ត និងសមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មួយចំនួនបានចូលរួមផងដែរ។

អភិបាលរងខេត្តទាំង២ បានបើកអង្គប្រជុំ និងលើកឡើងពីផលលំបាកការប្រាស្រ័យទាក់ទងគ្នា រវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាមួយរដ្ឋបាលខេត្ត កន្លងមកមានការខ្វះចន្លោះខ្លះ ដោយមិនសូវមានការទំនាក់គ្នា ពាក់ព័ន្ធទៅនឹងច្បាប់ផ្សេងៗមួយចំនួន។ មន្រ្តីជំនាញការិយាល័យច្បាប់ និងសុវត្ថិភាពសាធារណៈចំណុះឲ្យសាលាខេត្តបានលើកឡើងថា ថ្ងៃនេះដែលរដ្ឋបាលខេត្ត បានរៀបចំឲ្យមានការជួបប្រជុំគ្នា ដើម្បីបញ្ជាក់បង្ហាញពីចំណុចខ្វះខាតមួយចំនួនរវាងសមាគមនិងអង្គការជាមួយរដ្ឋបាលខេត្ត។ មន្រ្តីជំនាញបានបញ្ជាក់ថា នៅក្នុងខេត្តបាត់ដំបង មានសមាគម និងអង្គការបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ហើយបានធ្វើសកម្មភាពការងាររបស់ខ្លួន ខណៈដែលពុំទាន់មានច្បាប់អង្គការ សមាគម មិនទាន់មាននៅឡើយ តែពេលនេះ ច្បាប់សមាគម អង្គការមិនមែន​រដ្ឋាភិបាល រាជរដ្ឋាភិបាល បានដាក់ជូនសភាអនុម័តហើយ ដូច្នេះសាម៉ីអង្គការ សមាគម នីមួយៗត្រូវគោរពលក្ខន្តិកៈ របស់ខ្លួនឲ្យបានត្រឹមត្រូវតាមច្បាប់។ លោកបានបន្តថា អង្គការសមាគមមួយចំនួន បានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ហើយ តែមិនបានសុំច្បាប់អនុញាតពីរដ្ឋបាលខេត្តបើកទីស្នាក់ការរបស់ខ្លួនទេ គឺធ្វើសកម្មភាពការងារតែម្តង ខ្លះទៀតពេលធ្វើការផ្លាស់ប្តូរ ទីស្នាក់ការ និងផ្លាស់ប្តូរថ្នាក់ដឹក​នាំអង្គការរបស់ខ្លួន ព្រមទាំងរបាយការណ៍ការងារក៏មិនដែលរាយការណ៍ជូនរដ្ឋបាលខេត្តដែរ។ លោក សៀងឯម វូនស្ហី អភិបាលក្រុងបាត់ដំបង បានលើកឡើងនូវការ​លំបាកក្នុងគ្រប់គ្រង ការអនុញាត​ច្បាប់កន្លងមក ក៏ជួបការលំបាកដល់រដ្ឋបាលក្រុងដូចគ្នា។បន្ទាប់មកតំណាង អង្គការ សមាគម មួយចំនួនបានឡើងមានមតិ និងផ្លាស់ប្តូរយោបល់គ្នា ក៏ដូចជាសំណូមពរផ្សេងៗ ដែលត្រូវអនុវត្តការងារ​ទៅថ្ងៃក្រោយឲ្យ​បានត្រឹមត្រូវ ដោយមានកិច្ចសហការល្អជាមួយរដ្ឋបាលខេត្តនៅពេលក្រោយ។

គណៈអធិបតីក៏បានថ្លែងអំណរគុណផងដែរ ពីសកម្មភាពការងាររបស់ អង្គការ សមាគម មួយចំនួនធំដែលបានសហការល្អ​ជាដៃគូអភិវឌ្ឍន៍​បានជួយដល់​ប្រជាពលរដ្ឋយើង តាមជំនាញរៀងៗ​ខ្លួននៅ​តាមមូល​ដ្ឋានកន្លងមកផងដែរ។