(កែប)៖ ក្រោមស្នូរនៃការទះដៃអបអរសាទរនិងសម្រែកជ័យឃ្ឃោស «ជយោ! គណបក្សប្រជាជនកម្ពុជាដ៏រុងរឿង» គណបក្សប្រជាជនកម្ពុជា ក្រុងបូកគោ បានរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់ក្រុងបូកគោ នាថ្ងៃទី៣ ខែមិថុនានេះ មានការពីសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាជាង ២,០០០នាក់ ប្រព្រឹត្តទៅក្រោម

អធិបតីភាព លោក នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុងបូកគោ តំណាងថ្នាក់ដឹកនាំក្រុម ការងារ និងគណៈកម្មាធិការគណបក្សក្រុងបូកគោ និងគណៈកម្មាធិការគណបក្សសង្កាត់ទាំង៣ នៃក្រុងបូកគោ ខេត្តកំពត។

ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតដែលរៀបចំឡើងនៅផ្លូវច្រកចូលឧទ្យានជាតិព្រះមុនីវង្សបូកគោ មានក្បួនរថយន្ត និងម៉ូតូជាង ១,០០០គ្រឿង និងប្រព្រឹត្តទៅក្រោមបរិកាសសប្បាយរីករាយ និងការប្តេជ្ញាចិត្តខ្ពស់របស់សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនក្នុងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុនេះ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តបម្រើប្រជាជនកម្ពុជា និងអភិវឌ្ឍឃុំ សង្កាត់ឱ្យរីកចម្រើនជឿនលឿនកាន់តែខ្លាំងថែមទៀត។

ថ្លែងក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត លោក នេត្រ ភក្ត្រា លើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានដើរតួនាទីស្នូលក្នុងការសង្គ្រោះជាតិ សង្គ្រោះប្រជាជនពីរបបខ្មែរក្រហម និងនាំយកសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យជូនជាតិ និងមាតុភូមិ និងចុងក្រោយនេះបានកសាងខឿនសុខភាពជូនប្រជាពលរដ្ឋយ៉ាងរឹងមាំប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈការដាក់អនុវត្តនយោបាយវ៉ាក់សាំង។

លោកបានបន្តថា គណបក្សប្រជាជនកម្ពុជានៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ជានិច្ច។ កម្ពុជាយើងមានការរីកចម្រើនដូចសព្វថ្ងៃនេះ គឺជាកើតចេញពីការដាក់ចុះនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងជាផ្លែផ្កានៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា រួមនឹងការគាំទ្រពេញទំហឹងពីបងប្អូនប្រជាពលរដ្ឋខ្មែរ។ លោកបានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានសមត្ថភាព និងធានធានមនុស្សពោរពេញដោយសមត្ថភាពក្នុងការដឹកនាំប្រទេសជាតិហើយបានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។

នៅចំពោះមុខអ្នកគាំទ្រជាង ២០០០នាក់, លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់ដំណាក់កាលសំខាន់ៗជាច្រើនក្នុងប្រវត្តិសាស្ត្រ ហើយគណបក្សប្រជាជនកម្ពុជា បានដើរតួនាទីសំខាន់ជាកម្លាំងស្នូល និងជាបង្អែកដ៏កក់ក្តៅរបស់ប្រជា ជនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ គណបក្សប្រជាជនកម្ពុជាបានជ្រោងខ្ពស់ទង់មហាសាមគ្គីជាតិ ដឹកនាំប្រជាជន តស៊ូពុះពារអនុវត្តនូវភារកិច្ចសំខាន់ៗ ដោយជោគជ័យធ្វើឲ្យប្រទេសជាតិមានស្ថិរភាព មានសុខសន្តិភាព ពេញលេញ និងពោរពេញដោយការអភិវឌ្ឍលើគ្រប់វិស័យ។

បន្ថែមពីនេះលោក នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» តំណាងឱ្យសុខសន្តិភាព ការរីកចម្រើនគ្រប់វិស័យ វិបុលភាព និងសុភមង្គល។

អនុប្រធានក្រុមការងាររូបនេះ បានបន្ថែមថា បងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតជូនខ្លួនឯង និងបោះឆ្នោតដើម្បីការពារសុខសន្តិភាព និងការអភិវឌ្ឍ វិបុលភាពដែលកម្ពុជាមានសព្វថ្ងៃនេះ។

លោកបានគូសបញ្ជាក់ថា សូមបងប្អូនអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំសង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជាបន្តបន្ទាប់ទៀត ដើម្បីធានានិរន្តរភាពនៃជ័យជម្នះគណបក្សប្រជាជនកម្ពុជា និងអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជាបម្រើជាតិ និងប្រជាជនបន្តការអភិវឌ្ឍប្រទេសឱ្យរីក ចម្រើនបន្ថែមទៀត។

កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍ ប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ និងមានកិត្យានុភាពជាតិល្បឺរន្ទឺ។ ដោយសារតែការគាំទ្រយ៉ាងច្រើនលើបលុបរបស់ប្រជាពលរដ្ឋតាមរយៈសំឡេងឆ្នោតនេះ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាមានឱកាសបម្រើប្រជាពលរដ្ឋ និងឆ្លើយតបបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋគឺរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍទៅមុខ។

ជាមួយគ្នានេះក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ លោក នេត្រ ភក្ត្រា បានប្រគល់ទង់ជូនប្រធានក្បួនឃោសនាតាមសង្កាត់ទាំង៣ របស់ក្រុងបូកគោរួមមានសង្កាត់ព្រែកត្នោត សង្កាត់កោះតូច និងសង្កាត់បឹងទូកដែលក្បួនឃោសនាតាមសង្កាត់នីមួយមានមនុស្សជាច្រើនរយនាក់ចូលរួមដោយមានក្បួនម៉ូតូ និងរយថន្តដោយធ្វើការឃោសនានៅតាមបណ្តាផ្លូវនានាក្នុងសង្កាត់នីមួយ។

ក្បួនឃោសនាគណបក្សប្រជាជនតាមសង្កាត់ដែលទទួលការស្វាគមន៍ អបអរសាទរពីបងប្អូនប្រជាពលរដ្ឋ។ ទាំងការចូលរួមពិធីបើក និងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នេះមានការចូលរួមគាំទ្រពីសំណាក់ប្រជាពលរដ្ឋដែលបង្ហាញពីជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើការបម្រើជាតិ និងប្រជាជនរបស់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា៕