(កំពង់ធំ)៖ លោក ញ៉ឹក បានខេង អនុប្រធានក្រុមការងារ ចុះជួយស្រុកប្រាសាទសំបូរ និងជាប្រធានក្រុមការងារចុះជួយឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ សមាជិក សមាជិកា អ្នកគាំទ្រជិត៥០០នាក់ ដង្ហែក្បួនបិទបញ្ចប់ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំស្រើង។
ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់, លោក ញ៉ឹក បានខេង បានថ្លែងថា គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ ក្នុងការអភិវឌ្ឍភូមិឃុំ សង្កាត់ ពិសេសក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីឱ្យពួកគាត់យល់ពីទឹកចិត្តសន្ដោសប្រណី និងក្តីនឹករឭកចំពោះបងប្អូនទាំងអស់។
នាឱកាសនោះដែរ លោក ញ៉ឹក បានខេង បានបន្តថា ដោយមួយរយៈពេលនេះប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងអភិវឌ្ឍន៍ លើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័នរូបវន្ត និងធនធានមនុស្ស ដើម្បីឱ្យមានការអភិវឌ្ឍបន្តទៀត ប្រជាពលរដ្ឋទាំងអស់ត្រូវទៅបោះឆ្នោត និងជ្រើសរើយកគណបក្សដែលមានគោលនយោបាយស្របជាមួយឆន្ទៈប្រជាពលរដ្ឋកាលៈទេសៈសង្គម ដើម្បីប្រជាជនរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្តជារៀងរហូត។
លោកអំពាវនាវសូមឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សូមកៀងគរបងប្អូន មិត្តភត្តិ ឪពុកម្ដាយ ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ ជាបេក្ខជនគណបក្សប្រជាជនកម្ពុជាដើម្បីបន្តការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត៕