(កំពង់ធំ)៖ លោក ថា យ៉ាវ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រមាណជាង៤ពាន់នាក់ បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥។
ក្នុងឱកាសនោះ លោក ថា យ៉ាវ បានលើកឡើងថា ថ្ងៃនេះគណបក្សប្រជាជនកម្ពុជា ស្រុកស្ទោង ជួបជុំសមាជិក សមាជិកា គណបក្សដ៏ច្រើនកុះករ ដើម្បីប្រារព្ធពិធីមិទ្ទិញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ អាណត្តិទី៥ ស្របតាមកាលបរិច្ឆេទកំណត់ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) ដែលជាទៀងទាត់ ការបោះឆ្នោតនេះត្រូវបានរៀបចំ និងធ្វើឡើងរៀងរាល់ប្រាំឆ្នាំម្ដងតាមការកំណត់នៃច្បាប់នៃកម្ពុជា ។
លោកបានបន្ថែមថា ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ គឺជាពេលវេលាដ៏មានសារៈសំខាន់ណាស់ចំពោះ គណបក្សបជាជនកម្ពុជា តាមឃុំ សង្កាត់ទូទាំងខេត្តកំពង់ធំ ក៏ដូចជាឃុំ សង្កាត់ទូទាំងកម្ពុជា នឹងត្រូវបិទបញ្ចប់យុទ្ធការឃោសនាបោះឆ្នោត ក្នុងនោះការប្រមូលផ្ដុំធ្វើសកម្មភាពនានា តាមច្បាប់ បទបញ្ជ និងនីតិវិធីរបស់ គ. ជ. ប ដែលជាដំណាក់កាលនៃការបិទយុទ្ធនាឃោសនា សំដៅធានារក្សាសន្តិសុខ សុវត្ថិភាពតម្លាភាព និងការគោរពតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យការបោះឆ្នោតដោយសេរី។
លោក ថា យ៉ាវ បានបញ្ជាក់ថា «ក្នុងនាមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង អបអរសាទរស្វាគមន៍យ៉ាងកក់ក្ដៅ សម្រាប់ទិដ្ឋភាពចំពោះមុខនេះ រំភើបរីករាយឥតឧបមានៅក្នុងអារម្មណ៍របស់យើងគ្រប់ៗគ្នា។ ម្យ៉ាងទៀត វត្តមាននៃក្បួនដង្ហែដ៏ឪឡារឹកអធឹកអធមគគ្រឹកគគ្រែង និងប្រកបដោយភាពរាបសារតែស្វាហាប់ក្លៀវក្លារបស់សមាជិក សមាជិកានៅក្នុងអង្គមិទ្ទិញនា ឱកាសនេះបានបង្ហាញពីប្រៀបខ្លាំង ប្រៀបឈ្នះទាំងខាងកម្លាំង ទាំងខាងស្មារតីសតិអារម្មណ៍របស់ គណបក្សប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ»។
សូមជម្រាបថា តាមរបាយការណ៍របស់ គណកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ បញ្ជាក់ថា នៅខេត្តកំពង់ធំមានគណបក្ស នយោបាយសរុបចំនួន១៣ ក្នុងចំណោមគណបក្សនយោបាយចំនួន១៧ បានចុះឈ្មោះក្នុងលេខាធិករដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ និងមានបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបេក្ខជនពេញសិទ្ធិ សរុបចំនួន ៦,០៣០នាក់ ស្រី២,០០៥នាក់។
ចំណែកចំនួនការិយាល័យបោះឆ្នោតអាណត្តិទី៥ ក្នុងខេត្តកំពង់ធំ មានសរុប១,១៤១ ការិយាល័យបោះឆ្នោត ប្រជាពលរដ្ឋគ្រប់អាយុ១៨ឆ្នាំឡើង មានឈ្មោះក្នុងបញ្ជី ឈ្មោះឆ្នោតសរុបចំនួន ៤៨៨,៩៦១នាក់ ក្នុងនោះប្រជាពលរដ្ឋ ក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២១ កន្លងទៅមានចំនួនសរុប ៤១២,១៣១នាក់។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ រយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ត្រូវបិទបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយជាទូទៅយុទ្ធនាការក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះបាន ប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕