Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ខៀវ កាញារីទ្ធ បិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ តាមបណ្តាឃុំទាំង៨ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម

03-06-2022 15:25

(កំពង់ចាម)៖ លោក ខៀវ កាញារីទ្ធ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម និងលោកស្រី ខៀវទេព រង្ស៊ីកាញារីទ្ធ រួមជាមួយនឹងសមាជិក-សមាជិកា គណបក្ស បានចូលរួមដង្ហែយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ នៅថ្ងៃបិទយុទ្ធនាការឃោសនា នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តាឃុំទាំង៨ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម។

លោក ខៀវ កាញារីទ្ធ បានផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងកោតសរសើរ ជូនចំពោះសកម្មជន អ្នកគាំទ្រគណបក្សប្រជានកម្ពុជាទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានសហការរួមគ្នាគោរពច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបដោតកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ធ្វើឱ្យដំណើរការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២០ ប្រព្រឹត្តបានយ៉ាងរលូន។

លោក ខៀវ កាញារីទ្ធ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នា អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសម្ភាល់លើសន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោត ក្នុងមណ្ឌលបោះឆ្នោតនៅតាមភូមិ ឃុំ ដោយយកភ្ជាប់ជាមួយខ្លួននូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណ (ឯ.អ) ឱ្យបានគ្រប់ៗគ្នាកុំបីខាន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ រយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ត្រូវបិទបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយជាទូទៅយុទ្ធនាការក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះបាន ប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕