(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅឃុំដារ ឃុំត្រមូង ឃុំមេមត់ ឃុំរូង ឃុំចន្ទមូល ឃុំជាំ និងឃុំជាំក្រវៀន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងស្រុកមេមត់ ដែលតែងបានផ្តល់ការគាំទ្រយ៉ាងលើសលប់ និងបានបោះឆ្នោតជូនគណបក្សប្រជាជនក្នុងគ្រប់អាណត្តិកន្លងមក ពីព្រោះមានតែអ្នកស្រុកស្រីសន្ធរផ្ទាល់ ជាអ្នកបានឆ្លងកាត់ផ្ទាល់ និងស្គាល់ច្បាស់អំពីការអភិវឌ្ឍរីកចម្រើនជាក់ស្តែងនៅក្នុងមូលដ្ឋានរបស់ខ្លួន និងសូមបន្តគាំទ្រសំដៅធ្វើយ៉ាងណារក្សាប្រៀបឈ្នះ និងទទួលបានជោគជ័យឲ្យបានលើសលប់បន្តទៀត។

ដូច្នេះនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដែលនឹងឈានមកដល់ឆាប់ៗនេះ សូមបន្តរួមរស់នៅក្នុងភាពកក់ក្តៅ និងបន្តជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តាមរយៈយុទ្ធការ «សមាជិកបក្សម្នាក់ អ្នកគាំទ្របក្សម្នាក់ មានសន្លឹកឆ្នោតមួយសន្លឹកជូនបក្ស» ដើម្បីប្រើប្រាស់សិទ្ធិក្នុងនាមជាពលរដ្ឋម្ចាស់ប្រទេស ដោយសម្រេចជ្រើសរើសបក្ស ដែលមានការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋាន ដូចដែលបានធ្វើកន្លងមក។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលនឹងខិតខំបន្តជំរុញប្រសិទ្ធភាពការងារទៅមុខទៀត តាមរយៈការពង្រឹងចំណុចខ្លាំង និងកែលម្អចំណុចខ្វះខាតដែលមាន ពីព្រោះនៅលើពិភពលោក មិនអាចមានរដ្ឋាភិបាលណាដែលអាចឆ្លើយតបនឹងសំណូមពរប្រជាពលរដ្ឋឲ្យគ្រប់ ១០០ភាគរយ នោះទេ។ រាជរដ្ឋាភិបាលណាក៏ដោយ ទោះបីអាចដោះស្រាយបញ្ហាបានទាំងអស់ ក៏នឹងត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឲ្យទាន់សំណូមពររបស់ប្រជាពលរដ្ឋដែលបន្តកើនឡើង៕