(កំពង់ឆ្នាំង)៖ លោកបណ្ឌិត សឹង សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់លែង នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិក សមាជិក យុវជន និងសកម្មជនបក្សប្រជាជនកម្ពុជាស្រុកកំពង់លែងប្រមាណ ៥ពាន់នាក់ ហែក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥។

ក្បួនហែបិទយុទ្ធនាការរបស់បក្សប្រជាជនកម្ពុជាក្នុងស្រុកកំពង់លែង ត្រូវបានហែកាត់តាមឃុំនានានៅទូទាំងស្រុកកំពង់លែង។ ក្នុងក្បួនដង្ហែនោះ លោកបណ្ឌិត សឹង សំណាង បានឆ្លៀតលើកបង្ហាញនូវគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដោយបានប្រឹងប្រែងកសាងអភិវឌ្ឍន៍ជាតិឱ្យមានការរីកចម្រើន និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ ជាពិសេសបានប្រឹងប្រែងក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម និងរកសុខសន្តិភាព និងបង្រួបបង្រួមជាតិ។

ជាមួយគ្នានេះលោកបណ្ឌិត បានរំលឹកប្រជាពលរដ្ឋនាំគ្នាទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ហើយបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំនៅតាមឃុំ/សង្កាត់ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕