(ភ្នំពេញ)៖ តាមរយៈសារពិសេស នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវកោតសរសើរ និងអរគុណចំពោះសមាជិក សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ទាំងអស់ នៅទូទាំងប្រទេសដោយនឹងត្រូវផុតអាណត្តិនាពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលបានបំពេញការងារបម្រើប្រជាជនបានយ៉ាងល្អ ទោះក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ១៩ និងបញ្ហាគ្រោះធម្មជាតិនានាក្តី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលដែលកម្ពុជា ជួបប្រទះនូវវិបត្តិជំងឺកូវីដ១៩ ក្រុមប្រឹក្សាឃុំសង្កាត់ ដែលអាណត្តិទី៤ ពិតជាបានបម្រើ និងការពារប្រជាជនបានយ៉ាងល្អ ហើយការចាក់វ៉ាក់សាំងកូវីដ១៩ តាមរយៈឃុំសង្កាត់បានជួយរៀបចំយ៉ាងល្អ ដើម្បីជួយប្រជាពលរដ្ឋមូលដ្ឋាន បានទទួលវ៉ាក់សាំងគ្រប់ៗគ្នា។
បន្ថែមលើសពីនេះ សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា នៅពេលមានគ្រោះធម្មជាតិ ដូចជាទឹកជំនន់កន្លងមក ថ្នាក់ឃុំសង្កាត់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង បម្រើដល់ប្រជាជពលរដ្ឋ រួមទាំងការចែកស្បៀងអាហារជាដើម គឺសុទ្ធតែមានការចង្អុលបង្ហាញពីថ្នាក់ឃុំសង្កាត់។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា នៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ មានបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់មួយចំនួនធំ អាចត្រូវបានជាប់ឆ្នោតឡើងវិញ ប៉ុន្តែក៏មានក្រុមប្រឹក្សាឃុំសង្កាត់ខ្លះទៀត មិនបានជាប់ឆ្នោតដោយសារតែកត្តាអាយុ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា «ខ្ញុំសូមអរគុណចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាទាំងអស់ ដែលបានធ្វើកិច្ចការដ៏ល្អ ក្នុងរយៈពេលកន្លងទៅនេះ ហើយខ្ញុំក៏នៅតែទុកចិត្តដល់ក្រុមប្រឹក្សាឃុំសង្កាត់ ដែលនៅមិនទាន់អាណត្តិ បន្តយកចិត្តទុកដាក់មើលសុខទុកប្រជាពលរដ្ឋ ក្នុងរយៈពេលនៃដំណើរការបោះឆ្នោតជិតមកដល់ ជាពិសេសគឺសារាចរណែនាំទាំងឡាយ ពាក់ព័ន្ធការមិនផឹកគ្រឿងស្រវឹង ក៏ដូចជាអនុវត្តនូវវិធានការទាំងឡាយនៃវិស័យសុខាភិបាល»។
សម្តេចតេជោបានលើកឡើងថា ដោយសារតែការចូលរួម និងការទទួលខុសត្រូវរបស់សមាជិក សមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេស បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា កាន់បន្ថយចំនួនស្លាប់ និងឆ្លងជំងឺកូវីដ១៩ ដែលមកដល់ពេលនេះជិត១ខែហើយ ដែលកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩។
សម្តេចតេជោ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមអនុវត្តន៍ឲ្យល្អជាមួយវិធានសុខាភិបាល ក្នុងឱកាសថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ៕