(ភ្នំពេញ)៖ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការពេញចិត្តជាខ្លាំងចំពោះការរក្សាបានភាពស្ងប់ស្ងាត់ និងគ្មានអំពើងហិង្សាក្នុងដំណើរការឃោសនារកសំឡេងឆ្នោត១៤ថ្ងៃនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីសង្ឃឹមដែរថា គណបក្សនយោបាយទាំងអស់នឹងបន្តរួមគ្នាធ្វើឱ្យជោគជ័យនៃដំណើរការប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយទទួលស្គាល់ចំពោះលទ្ធផលបោះឆ្នោតនាថ្ងៃទី០៥ ខែមិថុនា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីរំពឹងបែបនេះ នៅក្នុងសារសំឡេងពិសេសផ្ញើជូនជនរួមជាតិនៅរសៀលថ្ងៃសុក្រ ទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ។
ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «សង្ឃឹមថា បណ្តាបក្សនយោបាយទាំងអស់នឹងចូលរួមជាមួយគ្នា ដើម្បីជោគជ័យនៃដំណើរការប្រជាធិបតេយ្យ សេរី ពហុបក្ស នៅក្នុងប្រទេសរបស់យើងនៅថ្ងៃអាទិត្យខាងមុខនេះ។ ហើយសង្ឃឹមថា យើងទាំងអស់គ្នានឹងទទួលយកលទ្ធផលនៃការបោះឆ្នោត ដែលប្រជាជននឹងផ្តល់សម្រាប់យើង»។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានចូលរួមយ៉ាងល្អ ក្នុងដំណើរការឃោសនារកសំឡេងឆ្នោតរយៈពេល១៤ថ្ងៃនេះ ធ្វើឱ្យយុទ្ធនាការមានសភាពស្ងប់ស្ងាត់ល្អ។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះហើយ។ យុទ្ធនាការឃោសនារកសំឡេងឆ្នោត១៤ថ្ងៃនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា មិនមានបញ្ហាហិង្សា ឬជម្លោះណាមួយកើតឡើងនោះឡើយ។ ស្ថានភាពដ៏ល្អប្រសើរនេះ ត្រូវបានគេវាយតម្លៃថា ជាដំណើរការប្រជាធិបតេយ្យដ៏ល្អប្រសើរសម្រាប់កម្ពុជា បើធៀបនឹងដំណើរការបោះឆ្នោតនាអាណត្តិកន្លងទៅ។
ថ្ងៃទី០៤ ខែមិថុនា ជាថ្ងៃស្ងប់ស្ងាត់ ដែលមិនអនុញ្ញាតឱ្យមានការធ្វើការផ្សព្វផ្សាយនឹងបក្សនយោបាយនោះឡើយ។ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ចាប់ពីវេលាម៉ោង៧ព្រឹក ដល់ម៉ោង ៣រសៀល។
គណបក្សនយោបាយចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥នេះ មានចំនួន ១៧គណបក្ស ដោយដាក់បេក្ខភាពក្រុមប្រឹក្សាឃុំ/សង្កាត់សរុបជិត ៩ម៉ឺននាក់។
ឃុំ/សង្កាត់នៅទូទាំងប្រទេសកម្ពុជា មានចំនួន ១,៦៥២។ ឃុំ/សង្កាត់ទាំងអស់នេះ នឹងត្រូវបោះឆ្នោតជ្រើសក្រុមប្រឹក្សាសរុប ១១,៦២២រូប។ ក្នុងមួយឃុំ ឬមួយសង្កាត់ ត្រូវមានសមាជិកក្រុមប្រឹក្សាចន្លោះពី ៥រូប ទៅដល់១១រូប។
ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយត្រូវនាំទៅជាមួយនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត៕