(បន្ទាយមានជ័យ)៖ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ បានប្រារព្ធខួបលើកទី១៥៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា» ព្រមទាំងប្រមូលបានថវិកាជាង១០ម៉ឺនដុល្លារ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ម៉ៅ មាល័យ កែ គឹមយ៉ាន លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុសារឿត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិករដ្ឋសភា អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាព អាជីវករ ពាណិជ្ជករយ៉ាងច្រើនកោះករផងដែរនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ។ លោកស្រី ម៉ៅ មាល័យ កែ គឹមយ៉ាន បានថ្លែងថា ទិវាពិភពលោកកាកបាទក្រហម ៨ឧសភាធ្វើឡើង ដើម្បីអំពាវនាវដល់សប្បុរសជនជាតិ និងអន្តរជាតិ ឲ្យចូលរួមបរិច្ចាគធនធាន ហិរញ្ញវត្ថុដោយស្ម័គ្រចិត្ត ដើម្បីទ្រទ្រង់ដល់សកម្មភាព មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងន័យលើកកម្ពស់នូវវប្បធម៌ចែករំលែក។

ជាងនេះទៅទៀតលោកស្រី ក៏បានអំពាវនាវ ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការជាបន្ទាន់បំផុត ដោយប្រើប្រាស់ធនធានសរុបកម្លាំងសរុប ដើម្បីរួមសហការគ្នា ជួយផ្តល់ទឹកស្អាតជូនដល់ ប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះ ដោយខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ៕